ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ
នាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៤សម្រាប់គម្រោងវិនិយោគចំនួន ៧ ក្រោមទុនវិនិយោគប្រមាណ ១៣៦លាន ដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង នៅពេលដំណើរការ ។
គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តមណ្ឌលគិរី, ៤ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និង សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និង រោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដំាដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និង គម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និង ដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាព ពហុវិបត្តិខាងក្រៅ ដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និង ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅទទួលបានសំណើគម្រោងវិនិយោគ ជាបន្តបន្ទាប់ ។ នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញនិង សក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និង សកល ពុំសូវមានអំណោយផលយ៉ាងណាក្តី ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារអាម៉េរិក និង បានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣ គម្រោង ក្រោមទុនវិនិយោគ ១០៧០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ១៧ ២១៣ កន្លែង ។ ក្នុងនោះដែរ, សម្រាប់សំណើគម្រោងវិនិយោគ តាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖
• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគ ១ ០៦១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៦ ៦៧៨កន្លែង,
• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣២៦០ កន្លែង,
• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ៣៩៤,០៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤៧២៨ កន្លែង និង
• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៨៨១កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារជាពិសេសអនុគណៈកម្មការវិនិយោគប្រចាំខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាក់ទាញការវិនិយោគ និង ចុះពិនិត្យវាយតម្លៃគម្រោងក្រោមទុនវិនិយោគ ៥ លានដុល្លារ ដែលការណ៍នេះ បានបង្ហាញអំពីកិច្ចខិតខំពង្រឹងសមត្ថភាព និង ភាពជាម្ចាស់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភូមិភាគឦសាន តាមរយៈការចូលរួមជំរុញការអនុវត្តកម្មវិធីពិសេស និយាយដោយឡែក, និង កិច្ចខិតខំជំរុញសកម្មភាពសេដ្ឋកិច្ច និងវិនិយោគ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង និយាយជារួម ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ភាគីពាក់ព័ន្ធ បន្តផ្តល់ការសម្របសម្រួលជូនវិនិយោគិន ឱ្យអស់លទ្ធភាព និង តាមភារកិច្ចរៀងៗខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យថ្លៃផលិតកម្ម និង ថ្លៃដឹកជញ្ជូនកើនឡើង ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅដល់វិនិយោគិនដើម្បីឱ្យវិនិយោគិនកាន់តែច្រើនឡើង អាចទទួលបាន «អត្ថប្រយោជន៍ពិសេស» ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ៕



