ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានថ្លែងអៈអាងថា តួនាទីសំខាន់របស់គណៈគ្រូពេទ្យជាតិ គឺគ្រប់គ្រង និងធ្វើការអភិវឌ្ឍនូវវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាឲ្យមានកិតិ្តយស និងសេចកី្តថ្លៃថ្នូរ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បែបនេះនៅក្នុងឳកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈសុខាភិបាល ជូនដល់មន្រី្តសុខាភិបាល បុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា ក្នុងនាមក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មានបេសកកម្មស្នូល ធានានូវការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជា ឲ្យប្រព្រឹត្តទៅស្របតាមច្បាប់ មានស្តង់ដារ ហើយគោរពទៅតាមគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈឲ្យបានជាប់លាប់ ដោយផ្តោតសំខាន់ទៅលើគុណភាព នៃសេវាសុខាភិបាល និយាយជារួម។ បើយើងនៅផ្នែកវេជ្ជសាស្រ្តនេះ ជាគ្រូពេទ្យ គឺសេវាវេជ្ជសាស្រ្ត ដែលយើងត្រូវអនុវត្តកិច្ចការងារធ្វើជាគ្រូពេទ្យ ពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺ ត្រូវឲ្យមានគុណភាពសេវា។ ហើយគុណភាពសេវានេះ ត្រូវភ្ជាប់រួមទាំងមិនអាចផ្តាច់បានអំពីសុវតិ្ថភាពរបស់អ្នកជំងឺ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល យើងមានគណៈវិជ្ជាជីវៈសុខាភិបាល មកដល់បច្ចុប្បន្ននេះ គឺមានចំនួន៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។ ចំពោះគ្រូពេទ្យទាំងអស់ នៅពេលបញ្ចប់ការសិក្សា មានសញ្ញាបត្រជាវេជ្ជបណ្ឌិត និងប្រឡងថ្នាក់ជាតិរួចរាល់ ហើយអាចទៅបម្រើសេវាសុខាភិបាលបាន ទោះបីមិននៅក្នុងផ្នែកព្យាបាលអ្វីនោះ គឺដើម្បីបំពេញការងារលើវិស័យសុខាភិបាល ឲ្យស្របតាមច្បាប់ គឺត្រូវតែចុះបញ្ជិការទៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាល។ ដូច្នេះអ្នកប្រកបវិជ្ជាជីវៈទាំងអស់ មិនមានន័យថាបញ្ចប់ការសិក្សាហើយ ទៅបម្រើការងារលើជំនាញរបស់ខ្លួនក្រៅម៉ោង ដោយមិនការអនុញ្ញាតពីគណៈវិជ្ជាជីវៈសុខាភិបាលនោះទេ។
លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរាយការណ៍លើវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ បុគ្គលិក នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទាំងអស់ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋ
ដោយទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់បំផុត។
លោកស្រីសាស្រ្តាចារ្យជំនួយបន្ថែមថា បុគ្គលិកពេទ្យទាំងពេញសិទ្ធិ និងបុគ្គលិកកិច្ចសន្យា រួមនឹងបុគ្គលិកស្ម័គ្រចិត្ត នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកទាំងអស់ ដែលបានចូលជាគណៈគ្រូពេទ្យជាតិរួចហើយ លោកស្រីនាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សង្ឃឹមថា មន្ត្រីសុខាភិបាលយើងទាំងអស់ និងបាន ជ្រោកជ្រាប ចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងជាប់លាប់ ពីច្បាប់ ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌ វិជ្ជាជីវៈ និងភាពជាអ្នកមាន វិជ្ជាជីវៈ ដើម្បីចូលរួម លើកកម្ពស់ គុណភាពភាព សុវត្ថិភាព នៃការព្យាបាល ចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខទៀត៕



