ថ្នាក់ដឹកខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី
ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងនាំយកអំណោយរបស់ក្រុមហ៊ុន ម៉ឹង ទ័រ ជី លី ហ្សុងហ្គូ ស៊ាងម៉ៅ ឆេង ផ្តល់អំណោយជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងពីធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក CHEN HEJIAN អគ្គនាយកក្រុមហ៊ុន ម៉ឹង ទ័រ ជី លី ហ្សុងហ្គូ ស៊ាងម៉ៅ ឆេង លោក មេបញ្ជា មេញ្ជាការងកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប រៀបចំឡើងនៅមជ្ឈមណ្ឌលទីក្រុងពាណិជ្ជកម្មមណ្ឌលគិរី
ឯកឧត្តម ថង សាវុន បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានសម្តែងនូវការយល់ចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងឱកាសបុណ្យទានប្រពៃណីជាតិ ដើម្បីធានាថាបងប្អូនទាំងអស់មានលទ្ធភាព និងបរិយាកាសរីករាយក្នុងការទទួលទេវតាឆ្នាំថ្មី។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាព បង្កើនការបង្កបង្កើនផល និងចូលរួមជាមួយអាជ្ញាធរក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជូនពរដល់លោកយាយ លោកតា និងបងប្អូនទាំងអស់ ឱ្យទទួលបាននូវពរជ័យទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈចាំបាច់មួយចំនួន ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ម៉ឹង ទ័រ ជី លី ហ្សុងហ្គូ ស៊ាងម៉ៅ ឆេង ដើម្បីជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមដើម្បីសម្រាលបន្ទុកជីវភាពបានមួយកម្រិត ៕



