ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីមីយ៉ាន់ម៉ារបស់លោក Min Aung Hlaing និងមានតំណែងអនុប្រធានាធិបតីស្រ្តីដំបូងក្នុងប្រទេសនេះដែរ
លោក Min Aung Hlaing ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងឆ្នាំ ២០២១ និងរក្សាការក្តាប់អំណាចយ៉ាងរឹងមាំអស់រយៈពេល៥ឆ្នាំកន្លងមកនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីហើយរបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ដែលសភាបានបោះឆ្នោតជ្រើសរើសលោកឱ្យកាន់តំណែងនេះ។ អនុប្រធានាធិបតី២ររូប ដែលជាអ្នកជាប់ចំណាត់ថ្នាក់លេខ២ក្នុងការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតី ក៏បានស្បថចូលកាន់តំណែងជាមួយលោក Min Aung Hlaing ដែរក្នុងពិធីស្បថចូលកាន់តំណែងនៅវិមានសភាក្នុងទីក្រុងណៃពិដោ។ អ្នកជាប់ចំណាត់ថ្នាក់ទាំង២មានឈ្មោះ Nyo Saw ជាអតីតឧត្តមសេនីយ៍ ដែលធ្លាប់បម្រើការជាទីប្រឹក្សារបស់លោក Min Aung Hlaing និងលោកស្រី Nan Ni Ni Aye ជាអ្នកនយោបាយជនជាតិភាគតិចការ៉ែន មកពីគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព ដែលគាំទ្ររបបយោធា និងជាអនុប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសមីយ៉ាន់ម៉ាដែរ។ តំណែងប្រធានាធិបតីរបស់លោក គឺប្រៀបបានដូចជាការវិលត្រឡប់ទៅកាន់ស្ថានភាពនៃការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតថ្មីវិញដូច្នោះដែរ ប៉ុន្តែតំណែងរបស់លោកត្រូវបានគេចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាកងទ័ពឱ្យកាន់អំណាចបានយូរ និងបន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើងដោយយោធា ដែលមានអ្នកប្រឆាំង និងអ្នកសង្កេតការណ៍ឯករាជ្យបានចាត់ទុកថាវាមិនសេរី ឬមិនយុត្តិធម៌ ក្នុងខណៈពេលដែលសង្គ្រាមស៊ីវិលកំពុងផ្ទុះឡើងជាហូរហែរ ទាំងនេះគឺជាការលើកឡើងរបស់សារព័ត៌មាន AP ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



