លោកនាយករដ្ឋមន្ត្រី Netanyahu និយាយថានឹងបន្តវាយប្រហារក្រុម Hezbollah រហូតដល់សន្តិសុខត្រូវស្តារឡើងវិញនាភាគខាងជើងអ៊ីស្រាអែល ខណៈចំនួនមនុស្សស្លាប់និងរបួសកើនឡើងកាន់តែច្រើន…
នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងស្រុក) ថា អ៊ីស្រាអែលនឹងបន្តវាយប្រហារក្រុមហេសបូឡា រហូតដល់សន្តិសុខត្រូវបានស្តារឡើងវិញនៅភាគខាងជើងអ៊ីស្រាអែល។ ថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា “មិនមានបទឈប់បាញ់នៅលីបង់នោះទេ” ហើយការវាយប្រហារនឹងបន្តដដែល “រហូតដល់យើងស្តារសន្តិសុខរបស់អ្នកឡើងវិញ”។ មេដឹកនាំអ៊ីស្រាអែលក៏បាននិយាយផងដែរថា លោកបានអនុញ្ញាតឱ្យមាន “ការចរចាដោយផ្ទាល់” ជាមួយលីបង់ ដែលមានគោលបំណងដកហូតអាវុធពីពួកសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ និងបង្កើតទំនាក់ទំនងរវាងប្រទេសជិតខាងបាន។ ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗពីអាជ្ញាធរលីបង់ឡើយ។ ប៉ុន្តែការចរចារវាងអ៊ីស្រាអែល និងលីបង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ នៅក្រសួងការបរទេសទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមមនុស្សម្នាក់ដែលដឹងច្បាស់អំពីផែនការនោះ។ ការប្រកាសរបស់លោក Netanyahu បានធ្វើឡើងចំពេលមានស្ថានភាពមិនចុះសម្រុងគ្នាលើបញ្ហា ថាតើកិច្ចព្រមព្រៀងឈប់បាញ់រួមត្រូវបញ្ចូលការផ្អាកការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហេសបូឡា និងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារទីក្រុងបៃរូតដោយតាមអាកាស ដែលបណ្តាលឱ្យវាក្លាយជាថ្ងៃសម្លាប់ដ៏សាហាវបំផុតនៅក្នុងប្រទេសលីបង់ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ថ្ងៃទី ២៨ ខែកុម្ភៈមក។ ក្រៅពីបានវាយប្រហារនៅក្នុងទីក្រុងបៃរ៉ូតហើយ យោធាអ៊ីស្រាអែលក៏បានធ្វើប្រតិបត្តិការវាយប្រហារតាមគោលដៅនាភាគខាងត្បូងប្រទេសលីបង់ដែរ។ នេះជាវីដេអូដែលចេញផ្សាយដោយ IDF បង្ហាញពីការបំផ្ទុះក្នុងតំបន់ដែលមិនបានបញ្ជាក់ឈ្មោះច្បាស់នោះទេ គ្រាន់តែពួកគេប្រាប់ថាជាទីតាំងរ៉ូងអណ្តូងមួយនៃហេដ្ឋារចនាសម្ព័ន្ធក្រោមដីលួចលាក់របស់ក្រុមហេសបូឡា។ ករណីបំផ្ទុះនោះបានកម្ចាត់ភេរវករជាង៧០នាក់ រួមទាំងក្រុមភេរវករមួយក្រុមទៀតដែលពួកគេត្រៀមនឹងបាញ់កាំភ្លើងត្បាល់មកលើកងទ័ពរបស់យើង។ សូមបញ្ជាក់ថាមកដល់ពេលនេះមនុស្សស្លាប់ក្នុងទីក្រុងបៃរ៉ូតដោយសារអ៊ីស្រាអែលវាយប្រហារកើនជាង២០០នាក់ របួសជាង១០០០នាក់ និង មនុស្សបាត់ខ្លួនរាប់សិបនាក់ត្រូវគេសន្មតថាស្លាប់ទាំងអស់ដោយសារអាវុធដ៏សាហាវក្នុងល្បឿនដ៏លឿនរបស់អ៊ីស្រាអែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ



