ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អញ្ជើញដឹកនាំប្រតិភូវៀតណាម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម

តបតាមការអញ្ជើញរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបំពេញទស្សនកិច្ចផ្លូវការ ពង្រឹងការទូត និងនយោបាយ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) បានអញ្ជើញដឹកនាំប្រតិភូវៀតណាម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ ទទួលស្វាគមន៍ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីគោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កងទ័ពកម្ពុជា-វៀតណាម អំពីការប្រយុទ្ធពិសេសរបស់កងទ័ពនៃប្រទេសទាំងពីរ និងអំពីជ័យជម្នះដែលបានផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃប្រជាជាតិមួយ – នោះគឺជ័យជម្នះ ៧ មករា ១៩៧៩។

សូមរំលឹកបន្ថែមថា ដំណើរទស្សនកិច្ចនេះ ត្រូវបានប្រពឹត្តឡើង ដើម្បីបន្តអនុវត្តនូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការ ផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់ គណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ៕