ឯកឧត្តម វង សូត ចែករំលែកបទពិសោធន៍នៃការរៀបចំគោល នយោបាយគាំពារសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនេះ លោកស្រីតំណាងនិវត្តជន បានសម្តែងនូវបីតិសោមនស្សរីករាយ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់និវត្តជន ដែលធ្វើឱ្យយើងខ្ញុំជានិវត្តជនមិនអាចបំភ្លេចបាន និងបន្តការគាំទ្រចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល។ ពិធីសំណេះសំណាលនេះ មិនត្រឹមតែជាការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការលើកទឹកចិត្ត និងការទទួលស្គាល់តម្លៃនៃការខិតខំលះបង់ទាំងកម្លាំងកាយចិត្តរបស់និវត្តជន ដែលបានរួមចំណែកក្នុងការកសាងស្ថាប័ន និងបម្រើប្រជាជនកម្ពុជា។

បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភារួចមក

ឯកឧត្តម វង សូត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជូនចំពោះបងប្អូននិវត្តជនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែល នឹងឈានចូលមកដល់នាពេលខាងមុខ។ នៅចំពោះមុខនិវត្តជនប្រមាណ២២៤នាក់ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានចែករំលែកបទពិសោធនៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គម  ជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងពេលដែលឯកឧត្តម ធ្លាប់ចូលរួមដឹកនាំរាជរដ្ឋាភិ បាល កាលពីនីតិកាលកន្លងទៅ។  ឯកឧត្តម មានប្រសាសន៍ថា ដោយការដឹងគុណចំពោះយុទ្ធជន និងមន្ត្រីរាជការ ដែលធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីឱ្យមន្ត្រីរាជការដែលបានចូលនិវត្តន៍ អាចបន្តរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូ នៅក្នុងសង្គម។ រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់និវត្តជនមន្ត្រីរាជការប៉ុណ្ណោះទេ គឺថែមទាំងបានពង្រឹងវិសាលភាពនៃគោលនយោបាយគាំពារសង្គមគ្របដណ្តប់ដល់វិស័យឯកជនថែមទៀតផង រួមបញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផង។ ជាអាទិ៍ ការបង្កើតបេឡាជាតិសន្តិសុខសង្គមហៅកាត់ថា (ប.ស.ស)គឺពិតជាបានផ្តល់អត្ថប្រយោជន៍ធំធេងណាស់ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រមជ្ឈដ្ឋាន។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា លើកឡើងថា និវត្តជនគឺជាធនធានដ៏មានតម្លៃ និងមានបទពិសោធជាច្រើន ក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដូច្នេះហើយរាជរដ្ឋាភិបាលមិនភ្លេចឬទុកឱ្យបងប្អូននិវត្តជននៅឯកការឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តរក្សាបានទំនាក់ទំនងបានយ៉ាងល្អជាមួយបងប្អូននិវត្តជនទាំងអស់។ ឯកឧត្តម បានបង្ហាញការគាំទ្រ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនឡើង ដែលសព្វថ្ងៃនេះហៅថា សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ព្រមទាំងគ្រួសារនិវត្តជនទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម សង្ឃឹមថា បងប្អូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏នឹងមានឱកាសទទួលបានអត្ថប្រយោជន៍ ក្រោមឆ័ត្រនៃសមាគមនេះផងដែរ។ ឯកឧត្តម វង សូត បានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានផ្តល់អនុសាសន៍ដល់អគ្គលេខាធិការរដ្ឋសភា បន្តរក្សាទំនាក់ទំនងល្អជាមួយបងប្អូននិវត្តជន ព្រមទាំងពិនិត្យលទ្ធភាពរៀបចំការជួបជុំបន្ថែមទៀតរវាងនិវត្តជននិងមន្រ្តីរាជការដែលកំពុងបម្រើការងារ ដើម្បីចែករំលែកសុខទុក្ខ និងបទពិសោធន៍រវាងគ្នា។

ជាចុងក្រោយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម វង សូត បានបួងសួងដល់ វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី មេត្តាប្រោស ព្រំ សព្ទសាធុការពរ បវរមហាប្រសើរ ជូនដល់និវត្តជន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់៕