ទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំពិធីចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ព ដែលបានពលីដើម្បីបុព្វហេតុការពារជាតិ
(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ និងដើម្បីឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាល ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការទីស្តីការគណៈរដ្ឋមន្រ្តី។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៦ នាពេលដ៏ខ្លីខាងមុខនេះ។ ពិធីសូត្រមន្តនេះប្រារព្ធធ្វើឡើង ដើម្បីជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំប្រទានពរ ជ័យ សិរីសួស្តី ជ័យមង្គល មហាប្រសើរគ្រប់ប្រការ កើតមានដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តីទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ច ជាសេនាធិការ ជូននាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត។
នៅក្នុងពិធីនេះ ក៏មានការរាប់បាត្រ វេរភត្តប្រគេនសម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហាន ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក ក៏ដូចជូនដល់វិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈ រដ្ឋមន្រ្តី បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធ អ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្រុមសិល្បៈរបាំត្រុដិ ក៏បានសម្តែងរបាំត្រុដិ និងរបាំជូនពរ និងមានការដាក់តាំងពិព័រណ៍បង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ជាច្រើនមុខ នៅក្នុងពិធីនេះផងដែរ។ គួរកត់សម្គាល់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយសហគ្រាសក្នុងស្រុកមកពីបណ្តារាជធានីខេត្ត ចំនួន៣៦សហគ្រាស ក្នុងនោះក៏មានសហគ្រាសចំនួន៥ ដែលបានជាប់លាភីក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រគម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ (InnoLab Kampong Thom) បានរៀបចំការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេលពេញ២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ស្របតាមពាក្យស្លោក «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។



