សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តីជ័យមង្គលអបអរចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវិមានរដ្ឋសភា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្តែងរបាំត្រុដ និងសូត្រមន្ត បង្សុកូល និងរាប់បាត្រ ប្រគេនទេយ្យទានដល់សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ នៅវិមានរដ្ឋសភា ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ព្រះនាម «រាក្យសាទេវី» ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ពិធីដ៏មង្គលនេះ បានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន យ៉ាងច្រើនកុះករ អធិកអធម ដោយសទ្ធាជ្រះថ្លាជាទីបំផុត។

មុនឈានដល់កម្មពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ប្រគេនទេយ្យទានដល់សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ អង្គពិធីក៏មានរៀបចំការសម្តែងរបាំត្រុដ។ «របាំត្រុដ» ជារបាំប្រពៃណីជាតិដ៏មានអត្ថន័យ សម្រាប់បោសសម្អាតឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងប្រសិទ្ធពរជ័យសិរីសួស្តីសម្រាប់ឆ្នាំថ្មី។ របាំនេះក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»។
តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំ ដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោកខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ ជនជាតិដើមហៅពាក្យ «ត្រុដិ» នេះ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។

បន្ទាប់មកសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានយាង និមន្ត សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ ប្រារព្ធរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ព្រះនាម «រាក្យសាទេវី» ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ជាថ្ងៃចូលឆ្នាំខ្មែរមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ ។

នៅក្នុងឱកាសនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា រួមនិងសមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាទាំងអស់ បានអញ្ជើញរាប់បាត្រផងដែរ។

នៅក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន បួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមតាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ សម្តេចរដ្ឋសភាធិបតីក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នក ស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ដែលបានធ្វេីមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរម លោកកុំបីអាក់ខានឡើយ៕