ជនមានពិការភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម អាចទទួលបានឱកាសស្មើភាពក្នុងការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល បានសមស្របប្រកបដោយប្រសិទ្ធភាព
ក្នុងទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដូ្រមកម្ពុជា លើកទី ១៣ នាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបរិយាបន្នជន មានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ» ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មានប្រសាសន៍ថា ផ្ដោតលើការចងក្រងចក្ខុវិស័យរួមរវាង «បរិវត្តកម្មឌីជីថល» និង «បរិយាបន្នពិការភាព» គឺដើម្បីធានាថាជនមានពិការភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម អាចទទួលបានឱកាសស្មើភាពក្នុងការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលបានសមស្របប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម បន្តថា បច្ចុប្បន្នបរិវត្តកម្មឌីជីថលកំពុងបំប្លែងពិភពលោកយ៉ាងឆាប់រហ័ស ដោយបង្កើតនូវបរិយាកាសថ្មីសម្រាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងភាពវិជ្ជមាន និងភាពអវិជ្ជមាន។ បច្ចេកវិទ្យានេះ មិនត្រឹមតែជាឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្ដែជាគន្លងដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតរវាងជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ជាមួយនឹងមនុស្សទូទៅ និងអាចនាំឱ្យមានការរើសអើង និងវិសមភាពចំពោះជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម។ ដោយឡែក បរិយាបន្ន គឺមានន័យថាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូន ត្រូវបានយកចិត្តទុកដាក់គិតគូរ និងផ្ដល់ឱកាសក្នុងការចូលរួម និងទទួលបានផលប្រយោជន៍ពីសកម្មភាពនានានៅក្នុងសង្គមដូចមនុស្សទូទៅ ដោយមិនត្រូវបានទុកចោល ផាត់ចេញ បោះបង់ និងមិនមានការរើសអើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព គឺ«គ្មាននរណាម្នាក់ត្រូវបានទុកចោល»។ បរិវត្តកម្មឌីជីថល និងបរិយាបន្ន ជាចលករជំរុញភាពជោគជ័យអាចផ្លាស់ប្តូរជីវិតជនមានពិការភាពពីអ្នកទទួលជំនួយ ទៅជាអ្នកចូលរួម និងជាអ្នកបង្កើតតម្លៃក្នុងសង្គម។
ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពចំពោះជនមានពិការភាពគ្រប់រូប ជាពិសេសអ្នកមានពិការភាពអូទីសឹ្សម និងដោនស៊ីនដ្រូម តាមរយៈការដាក់ចេញ និងអនុវត្តកម្មវិធីពាក់ព័ន្ធពិការភាពមួយចំនួន ដូចជា កម្មវិធីបង្ការពិការភាព កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល និងសហគមន៍ ការព្យាបាលដោយចលនា កម្មវិធីលើកកម្ពស់សហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីអប់រំពិសេសនិងបរិយាបន្ន កម្មវិធីអាហារូបករណ៍ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការកសាង និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការផ្តល់ប័ណ្ណបើកបរសម្រាប់ជនមានពិការភាព ការទទួលបានការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ និងឯកជន កម្មវិធីផ្ដល់ផ្ទះដល់ជនមានពិការភាពក្រីក្រ ការផ្តល់ឱកាសដល់ជនមានពិការភាពក្នុងការបញ្ចេញទេពកោសល្យ កម្មវិធីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់យោធិនពិការ ផ្ដល់ភាពអង់អាចដល់ជនមានពិការភាពក្នុងការទទួលបានតួនាទីក្នុងក្រសួង ស្ថាប័នរដ្ឋ ផ្ដល់ឱកាសឱ្យជនមានពិការភាពចូលរួមក្នុងសកម្មភាពកីឡាប៉ារ៉ាឡាំពិកសម្រាប់ជនមានពិការភាពទូទៅ និងស្ប៉ាស្យាល់អូឡាំពិកសម្រាប់ជនមានពិការភាពអូទីស្សឹម.និងដោនស៊ីនដ្រូម សិល្បៈ វប្បធម៌ កំសាន្ត និងប្រកួតប្រជែងផ្សេងៗនៅកម្រិតជាតិនិងអន្តរជាតិ។
ជាឆ្លើយតបក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ផ្ដល់នូវអនុសាសន៍មួយចំនួន ឲ្យ បង្កើនការយល់ដឹងអំពីពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមដល់ឪពុកម្ដាយ អាណាព្យាបាល សមាជិកគ្រួសារ ឬអ្នកជិតខាងនៅក្នុងសហគមន៍
– ជំរុញ លើកទឹកចិត្ត និងគាំទ្រការបង្កើតសាលានិងកម្មវិធីសិក្សាដែលសមស្របសម្រាប់កុមារមានតម្រូវការពិសេសនៅតាមសាលាចំណេះទូទៅរដ្ឋ និងឯកជន រួមទាំងបណ្តុះបណ្តាលជំនាញអប់រំពិសេសដល់គ្រូបង្រៀន
– បណ្ដុះបណ្តាលអ្នកជំនាញឯកទេស ក្នុងការកំណត់ និងវាយតម្លៃប្រភេទពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមនៅទូទាំងប្រទេស
លើកទឹកចិត្ត និងបង្កើនឱកាសដល់ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ក្នុងការទទួលបានការសិក្សាអប់រំ ការបណ្តុះបណ្តាលជំនាញ និងការចូលរួមសកម្មភាពនានាក្នុងសង្គម ជាពិសេស ឱកាសក្នុងការទទួលបានការងារសមស្រប
– ផ្សព្វផ្សាយការយល់ដឹងអំពីពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នករៀបចំគោលនយោបាយ និងអាជ្ញាធរមូលដ្ឋាន
– ជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគាំទ្របច្ចេកទេស និងថវិកាដល់គម្រោងសកម្មភាពពាក់ព័ន្ធនឹងពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម។



