ប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ចម្រុះសំបូរបែបនិងល្អបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ពេលនេះកំពុងរងការគំរាមកំហែងដោយការជីកយករ៉ែនីកែល
កោះត្រូពិចដ៏ល្អឥតខ្ចោះមួយស្ថិតក្រោមផ្ទៃទឹកនៅសមុទ្រ Raja Ampat ក្លាយជាភាពទាក់ទាញចម្រុះពណ៌ ទីនេះជាប្រជុំកោះដាច់ស្រយាលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ីដែលមានពពួកត្រីឆ្លាម ប្រភេទម៉ាន់តា និងអណ្តើកសមុទ្រ ដែលបានហែលជាហ្វូងៗដ៏ធំល្វឹងល្វើយឆ្លងកាត់ទម្រង់ផ្កាថ្មសមុទ្រ ហើយភាវៈខ្លះទៀតត្រូវបានគេរកឃើញដ៏កម្រតែនៅក្នុងផ្ទៃទឹកនេះប៉ុណ្ណោះ។ លោក Mark Erdmann អ្នកជីវវិទូផ្កាថ្មសមុទ្ររបស់អាមេរិក បានចំណាយពេលជាង២ទសវត្សរ៍សិក្សាពីតំបន់នេះ និងបានក្លាយជាតួអង្គសំខាន់ក្នុងការកសាងគំរូអភិរក្សរបស់សមុទ្រ Raja Ampat បាននិយាយថា “គ្មានកន្លែងណានៅលើផែនដីយើងនេះដែលមានត្រីចម្រុះ ផ្កាថ្ម និងអ្វីៗផ្សេងទៀតច្រើនដូចសព្វទីនេះទេ”។ ប្រជុំកោះជ្រមុជទឹកដ៏ល្បីល្បាញលើពិភពលោកនេះ ស្ថិតនៅចំកណ្តាលនៃរូបរាងផ្កាថ្មត្រីកោណ នាភាគនិរតីនៃតំបន់ Papua ជាកន្លែងដែលចរន្តទឹកមហាសមុទ្រដ៏ខ្លាំងក្លាបានផ្ទុកសារធាតុចិញ្ចឹមនិងបានទ្រទ្រង់ចំពោះអ្វីដែលអ្នកវិទ្យាសាស្ត្របានពិពណ៌នាថាជាប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលមានជីវចម្រុះច្រើននិងល្អបំផុតនៅលើភពផែនដីយើងនេះ។ វាត្រូវបានគេចាត់ទុកថាជាគំរូសកលសម្រាប់ការអភិរក្សមហាសមុទ្រជាយូរមកហើយ តាមរយៈប្រព័ន្ធអេកូឡូស៊ី Raja Ampat ដែលបច្ចុប្បន្នស្ថិតនៅក្រោមសម្ពាធ ខណៈក្តីព្រួយបារម្ភកើនឡើងលើការពង្រីកដែនសមត្ថកិច្ចជីកយករ៉ែនីកែល រួមជាមួយនឹងការកើនឡើងនៃទេសចរណ៍អន្តរជាតិផងដែរ។ ផ្កាថ្មប៉ប្រះទឹកមិនមែនចេះតែអាចសុខភាពល្អទាំងអស់ដូចសព្វថ្ងៃនេះទេ។ ជាក់ស្តែងនៅដើមឆ្នាំ២០០០ អ្នកនេសាទមកពីតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូណេស៊ី និងតំបន់អាស៊ីអាគ្នេយ៍បានប្រើប្រាស់គ្រឿងបំផ្ទុះ និងសំណាញ់ធំៗ បំផ្លិចបំផ្លាញផ្កាថ្ម សម្លាប់ចំនួនត្រីឆ្លាម និងបង្ខំឱ្យប្រជាជនក្នុងតំបន់ដែលធ្លាប់ពឹងផ្អែកលើការនេសាទត្រីធម្មតាត្រូវធ្វើដំណើរចាកចេញរហូតដល់១០គីឡូម៉ែត្រនៅឯនាយសមុទ្រ ដើម្បីជាឱកាសឲ្យពួកគេចាប់អំបូរត្រីចម្រុះនិងកម្រទាំងនោះបានយ៉ាងងាយស្រួល៕
សម្រួលអត្ថបទ៖ សុផារិន្ទ



