ឯកឧត្តម ឈិន កេតនា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មី និងសព្ទសាធុការពរជ័យថ្វាយព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលនៃជាតិ
ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស ២០២៦ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងឯកឧត្តមជា អនុប្រធាន និងជាអគ្គលេខាធិការរង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិមន្ត សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្ត្រីសង្ឃ ដើម្បីសូត្រមន្តចម្រើនព្រះបរិត្តជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នាពេលដ៏ខ្លីខាងមុខនេះ និងដើម្បីបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រោះព្រំប្រទានពរជ័យ សិរីសួរស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទនៃអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូណ៌ ប្រាជ្ញាឈ្លាស់វៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនស្ថាប័នឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត។
ស្ថិតក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការ នៃអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិអន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមថ្វាយ ព្រះរាជសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ។
ព្រមទាំងសូមបួងសួង ទេវតាឆ្នាំថ្មី សូមជួយថែរក្សាអភិបាលប្រោះព្រំ សិរីមង្គល ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងមាតុភូមិកម្ពុជា។
បន្ទាប់អំពីកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្តរួចមក សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានយាងនិមន្ត និងអញ្ជើញចែកជូននូវអំណោយរបស់អន្តរក្រសួងដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ប្រមាណជាង ១០០ នាក់ ក្នុងមូលដ្ឋាននៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងម្នាក់ៗទទួលបាន គ្រឿងឧបភោគបរិភោគភេសជ្ជៈមានដូចជា ទឹកដោះគោ ស្ករស ទឹកបរិសុទ្ធ ទឹកក្រូច មី នំស្រួយ នំគីឡូ និងថវិកាមួយចំនួនផងដែរ។
ជាចុងក្រោយ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំនៃអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមបួងសួង ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យជូនដល់ វីរៈកងទ័ពដ៏អង់អាចក្លាហានយកជីវិតការពាជាតិមាតុភូមិ ហើយការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូន វីរៈកងទ័ព គឺជាខឿនការពារជាតិ ដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសជានិច្ចកាលតែងតែផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តជានិច្ចគ្រប់កាលៈទេសៈ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមចូលរួមរំលែកទុក្ខដ៍សែនក្រៀមក្រំបំផុតចំពោះការពលីអាយុជីវិតរបស់វីរៈកងទ័ពការពាជាតិមាតុ សូមវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពបានទៅកាន់សុកតិភពកុំបីឃ្លៀងឃ្លាតឡើយ។



