ប្រធានាធិបតីបារាំងបានចេញមកចូលរួមសាទរបទឈប់បាញ់រវាងអាម៉េរិកនិងអ៊ីរ៉ង់ ខណៈបារាំងកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល One Health Summit

អំឡុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីអំពីសុខភាពតែមួយ ឬ One Health Summit លោកប្រធានាធិបតីបារាំង Emmanuel Macron បានឆ្លៀតផ្តល់កិច្ចពិភាក្សាស្វាគមន៍ចំពោះបទឈប់បាញ់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយលោកទទូចថាវាគួរដល់ពេលនៃការបើកផ្លូវសម្រាប់កិច្ចចរចាជុំវិញសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ហើយ។ អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិយាយដូចគ្នាថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដោយទីក្រុងតេអេរ៉ង់បានបន្ថែមថា៖ ខ្លួននឹងចរចាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយចាប់ផ្តើមនៅថ្ងៃសុក្រចុងសប្តាហ៍នេះ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិជាមួយរដ្ឋមន្ត្រីកំពូលៗនានា លោកប្រធានាធិបតី Macron បាននិយាយថា “ការប្រកាសបទឈប់បាញ់នេះគឺជារឿងល្អណាស់”។ លោកបាននិយាយថា មានតែភាពការទូត តែមួយប៉ុណ្ណោះទើបនឹងផ្តល់នូវការធានាសន្តិសុខចាំបាច់សម្រាប់ស្ថិរភាពនៅទូទាំងតំបន់ទាំងមូលបាន។ លោក Macron ក៏បានអំពាវនាវឱ្យបញ្ចប់ជម្លោះនៅក្នុងប្រទេសលីបង់ដែរ ដែលវាជាការវាយប្រហាររបស់អ៊ីស្រាអែល និងការកាន់កាប់ភាគខាងត្បូងនៃប្រទេសនេះ “ដែលមិនទាន់មានជាដំណោះស្រាយរយៈពេលវែងបាននៅឡើយទេ”។ លោក Macron បាននិយាយថា “ទាក់ទងនឹងប្រទេសលីបង់ ដែលគិតត្រឹមពេលនេះ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់រវាងភាគីទាំងពីរផងដែរ ដែលវាជារឿងល្អ និងចាំបាច់បំផុត ហើយកន្លែងដែលរងការវាយប្រហារត្រូវបានបញ្ឈប់ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ខណៈស្ថានភាពស្ងប់ស្ងាត់គឺមានសារៈសំខាន់បំផុត”។ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា ប្រទេសលីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែរ។ ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយ បាននិយាយថា បទឈប់បាញ់នេះ រួមបញ្ចូលទាំងការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ដែរ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននៅថ្ងៃពុធនេះថា បទឈប់បាញ់នេះ នឹងមិនបញ្ឈប់ការប្រយុទ្ធរបស់ប្រទេសលោកប្រឆាំងនឹងក្រុម Hezbollah នៅក្នុងប្រទេសលីបង់នោះទេ។ ស្របពេលដែល លោក Macron ក៏បានប្រាប់ក្រុមប្រឹក្សាបន្ថែមថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ដើម្បីឱ្យអតីតអ្នកជាប់ឃុំជនជាតិបារាំងពីរនាក់ បានចាកចេញពីប្រទេសខ្លួន ហើយត្រឡប់មកផ្ទះពួកគេវិញ គឺជា «ភាពធូរស្បើយសម្រាប់យើងទាំងអស់គ្នាដែរ» ដោយសារតែកន្លងទៅរដ្ឋអ៊ីរ៉ង់បានចាត់ទុកប្រទេសខ្លះជាមិត្ត និងប្រទេសខ្លះទៀតជាសត្រូវ នៅក្នុងបរិបទនៃសង្គ្រាមអ៊ីរ៉ង់ជាមួយអាម៉េរិកនិងអ៊ីស្រាអែល៕

សម្រួលអត្ថបទ៖ សុផារិន្ទ