បទឈប់បាញ់រវាងអាម៉េរិក-អ៊ីរ៉ង់ចូលជាធរមាន ប៉ុន្តែកំហឹងបាតុករនៅទីក្រុងតេអេរ៉ង់វិញមិនទាន់រលត់ទេ! ខណៈនាយករដ្ឋមន្រ្តីអូស្រ្តាលីស្វាគមន៍បទឈប់បាញ់ និងសូមកុំយកជនស៊ីវិលដើម្បីគំរាមកំហែង

ក្រុមបាតុករគាំទ្ររដ្ឋាភិបាលបានប្រមូលផ្តុំគ្នា និងស្រែកហ៊ោនៅតាមដងផ្លូវនៃរដ្ឋធានីអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស។ អ្នកខ្លះស្រែកថា “ស្លាប់ទៅអាមេរិក និងស្លាប់ទៅអ៊ីស្រាអែល ស្លាប់ទៅអ្នកសម្របសម្រួល!” អ្នករៀបចំបានព្យាយាមស្ថិតនៅចំណុចមួយដើម្បីធ្វើឲ្យក្រុមបាតុករស្ងប់ចិត្ត ប៉ុន្តែពួកគេនៅតែបន្តស្រែកហ៊ោពាក្យដដែលៗ។ ពួកគេក៏បានដុតទង់ជាតិអាមេរិក និងដុតទង់ជាតិអ៊ីស្រាអែលនៅតាមដងផ្លូវផងដែរ។ សកម្មភាពទាំងនេះបង្ហាញពីកំហឹងដែលកំពុងបន្តពីក្រុមអ្នកបាតុករដ៏សែនរឹងរូស ដោយពួកគេបានត្រៀមខ្លួនសម្រាប់អ្វីដែលមនុស្សជាច្រើនសន្មត់ថាសង្រ្គាម៣ភាគីនឹងក្លាយជាសមរភូមិដ៏អាក្រក់ជាមួយសហរដ្ឋអាមេរិកបាន។ ទន្ទឹមនឹងពេលនេះដែរមានបណ្តាប្រទេសជាច្រើនបានចូលរួមអបអរសាទរ និងស្វាគមន៍បទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និង អ៊ីរ៉ង់រយៈពេល២សប្តាហ៍ ដោយក្នុងនោះក៏មាននាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចេញមកបញ្ជាក់ថា លោកសូមស្វាគមន៍ចំពោះបទឈប់បាញ់នៅមជ្ឈិមបូព៌ា។ លោកបានប្រាប់សារព័ត៌មាន Sky News Australia ថា “យើងសង្ឃឹមថាវានឹងនាំឱ្យមានការថយចុះជាអចិន្ត្រៃយ៍ និងការបញ្ចប់ជម្លោះ និងស្វែងរកដំណោះស្រាយមួយដែលអាចអនុញ្ញាតឱ្យពិភពលោកបន្តទៅមុខជាមួយគ្នាបាន ពីព្រោះរឿងនេះវាកំពុងជះផលប៉ះពាល់យ៉ាងខ្លាំងទៅលើពលរដ្ឋសាមញ្ញនៅក្នុងប្រទេសអូស្ត្រាលីផង និងនៅក្នុងតំបន់របស់ពួកយើងផង”។ ប៉ុន្តែមេដឹកនាំអូស្ត្រាលីរូបនេះបាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះប្រជាជនអ៊ីរ៉ង់គឺពិតជាមិនសមរម្យនោះទេ។ លោក Albanese បាននិយាយសំដៅទៅលើពាក្យសំដីគំរាមកំហែងរបស់លោក Trump ថា “អរិយប្រទេសទាំងមូលនឹងស្លាប់នៅយប់នេះ ដែលវាពិតជាមិនអាចនាំមកវិញបានទេ” ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពដែលរួមបញ្ចូលទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះ។ លោក Albanese បាននិយាយថា “ខ្ញុំគិតថាវាពិតជាមិនសមរម្យទេ ក្នុងការប្រើប្រាស់ភាសាដូចរូបប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះបញ្ហានេះ។ ហើយខ្ញុំគិតថាវានឹងបង្កឱ្យមានការព្រួយបារម្ភច្រើនទៅវិញទេនាថ្ងៃខាងមុខ។ លោក Albanese បានបន្ថែមថា “យើងបាននិយាយវាយ៉ាងច្បាស់ណាស់ថា៖ ការប្រព្រឹត្តនៃជម្លោះណាមួយត្រូវតែស្ថិតនៅក្នុងច្បាប់អន្តរជាតិ ហើយវាផ្តល់នូវការធានាឲ្យបានថា ជនស៊ីវិលដែលមិនមែនជាភាគីនៃជម្លោះត្រូវបានផ្តល់កិច្ចការការពារគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន។ លោក Albanese បានពិពណ៌នាអំពីកិច្ចព្រមព្រៀងដែលសម្រេចបានដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ស្តីពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដើម្បីចរចារកដំណោះស្រាយចំពោះជម្លោះនេះ ឲ្យបានទូលំទូលាយថាជា «ដំណឹងវិជ្ជមាន»ច្រើនជាង៕

សម្រួលអត្ថបទ៖ សុផារិន្ទ