ខេត្តព្រះសីហនុ បន្តជំរុញគម្រោង «ការងារកាន់តែប្រសើរ» (SBJ) ដើម្បីលើកកម្ពស់សិទ្ធិការងារ និងផលិតភាពអាជីវកម្ម
ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តតំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននានាជុំវិញខេត្ត និងវិទ្យាស្ថានបណ្តុះបណ្តាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្ត គម្រោងការងារកាន់តែប្រសើរ (Sihanoukville Better Jobs – SBJ)ដែលស្ថិតនៅ សាលប្រជុំប្រជាជន សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រមួយចំនួនសំខាន់ៗដូចជា ពង្រឹងអនុលោមភាពច្បាប់ ធានាថាបណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសក្នុងខេត្ត អនុវត្តតាមច្បាប់ស្តីពីការងារបានត្រឹមត្រូវ។ ការបណ្តុះបណ្តាលជំនាញ បង្កើនកិច្ចសហការរវាងវិស័យឯកជន និងវិទ្យាស្ថានបច្ចេកទេស ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របតាមតម្រូវការទីផ្សារជាក់ស្តែង។ បង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព តម្លាភាព និងផ្តល់អត្ថប្រយោជន៍ដល់ទាំងនិយោជក និងនិយោជិត។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដែលទាមទារឱ្យមានកម្លាំងពលកម្មប្រកបដោយជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ លោកបានមានប្រសាសន៍ថា “គម្រោង SBJ មិនមែនត្រឹមតែជាការត្រួតពិនិត្យបទដ្ឋានការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការជួយដល់ក្រុមហ៊ុននានាឱ្យមានស្ថិរភាពផលិតកម្ម និងអាចប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិបាន តាមរយៈការទទួលស្គាល់នូវស្តង់ដារការងារល្អ”។
តំណាងក្រុមហ៊ុននានាបានបង្ហាញការគាំទ្រចំពោះគម្រោងនេះ ដោយសន្យានឹងបន្តសហការជិតស្និទ្ធជាមួយវិទ្យាស្ថាន ដើម្បីបញ្ជូនបុគ្គលិកឱ្យទៅទទួលការបណ្តុះបណ្តាលបន្ថែម (Up-skilling)។ ទន្ទឹមនឹងនេះ ខាងវិទ្យាស្ថានក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំបច្ចេកទេស និងកម្មវិធីសិក្សាខ្លីៗ ដែលឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងឧស្សាហកម្មទំនើប។
តាមរយៈការអនុវត្តគម្រោងការងារកាន់តែប្រសើរ (SBJ) នេះ រដ្ឋបាលខេត្តព្រះសីហនុរំពឹងថានឹង៖
១. កាត់បន្ថយវិវាទការងារក្នុងមូលដ្ឋាន។
២. ទាក់ទាញវិនិយោគិនបន្ថែមទៀតដែលផ្តល់តម្លៃលើ “ការងារសមរម្យ”។
៣. លើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និយោជិត ឱ្យកាន់តែប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូដែលមានសុខដុមនីយកម្មក្នុងវិស័យការងារ៕
អត្ថបទ៖ ស្រីមុំ



