ឯកឧត្ដមបណ្ឌិត គុណ ញឹម អ្នកឧកញ៉ា គិត ម៉េង បើកកិច្ចប្រជុំរំលេចអំពីសារៈសំខាន់នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជួបប្រទះដោយផ្នែកឯកជនពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយ

ព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) លើកទី១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងជាសហប្រធាន CPPM និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាន CPPM និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ព្រមទាំងមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, មន្ត្រីគយនិងរដ្ឋាករមួយចំនួន ផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងដោះស្រាយនូវបញ្ហានិងសំណូមពរនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ, ផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះពន្ធដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យលើសេចក្ដីព្រាងកញ្ចប់វិធានការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ, ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏ដូចជា អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចអំពីសារៈសំខាន់នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជួបប្រទះដោយផ្នែកឯកជនពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយនានា។ ឯកឧត្ដម និង អ្នកឧកញ៉ា សហប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអភិក្រមនៃការសហការគ្នាជិតស្និតរវាងគយ និងផ្នែកឯកជនសម្រេចបានពេលកន្លងមកដូចជា ការដោះស្រាយបញ្ហារបស់ផ្នែកឯកជនក្នុងគោលដៅលើកកម្ពស់អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម ដែលមានជាអាទិ៍ ការបង្កើនការយល់ដឹងរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគយ, ការលើកសំណើកែសម្រួលអត្រាពន្ធនិងអាករ, ការដាក់ចេញនូវនីតិវិធីសម្រួលពាណិជ្ជកម្មដល់ធុរជនដែលមានអនុលោមភាពខ្ពស់, ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីគយ, ការកាត់បន្ថយកម្រៃនៃការបំពេញបែបបទបញ្ចេញទំនិញពីគយនិងកម្រៃស្គែន ជាដើម។

តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពការងារពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមួយចំនួន ដែលជាវិធានការរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីសម្រាលបន្ទុករបស់ធុរជននិងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល ដែលរួមមាន (១.) ការកែសម្រួលអត្រាពន្ធនិងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បងគឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង (២.) ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។ តាមការប៉ាន់ស្មានជាបឋម ការអនុវត្តវិធានការទាំង ២ នេះនឹងធ្វើឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។ បន្ថែមពីលើនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើបទបង្ហាញស្ដីពីសេចក្ដីព្រាងកញ្ចប់វិធានការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ ដើម្បីស្នើការពិនិត្យ ក៏ដូចជាការផ្ដល់ធាតុចូលបន្ថែមពីផ្នែកឯកជន។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហា សំណូមពរ និងសំណើដំណោះស្រាយលើកឡើងដោយផ្នែកឯកជន ចំនួន ១០ បញ្ហារួមមាន ការប្រកាសនាំចូល និងការដឹកជញ្ជូនក្នុងផ្ទៃប្រទេសនូវធាតុចូលផលិតកម្ម (ក្រណាត់) ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), កម្រៃបំពេញបែបបទគយ, ចំណាត់ថ្នាក់តាមតារាងពន្ធគយនូវផលិតផលសុខាភិបាល, ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មីដើម្បីអនុវត្តនីតិវិធីនាំចូលរថយន្តជាប់សិទ្ធិផ្ដាច់មុខ, សំណើកែសម្រួលការអនុវត្តពន្ធនិងអាករលើសន្និធិពាណិជ្ជកម្មប្រេងនិងឧស្ម័នឥន្ធនៈ និងពន្ធលើប្រេងសាំងយន្តហោះ ជាដើម។