អភិបាលខេត្តព្រះសីហនុ ជំរុញឱ្យក្រុមហ៊ុនវិនិយោគកោះពស់ ពង្រឹងការគ្រប់គ្រងបរិស្ថាន និងសណ្តាប់ធ្នាប់ ក្រោយបើកឱ្យសាធារណជនចូលកម្សាន្ត
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគកោះពស់ ដើម្បីឆ្លើយ តបទៅនឹងលំហូរភ្ញៀវទេសចរយ៉ាងច្រើនកុះករ បន្ទាប់ពីកោះនេះបានបើកទ្វារស្វាគមន៍សាធារណជនជាថ្មី។
យោងតាមរបាយការណ៍ពីតំណាងក្រុមហ៊ុនកោះពស់ បានឱ្យដឹងថា ចាប់តាំងពីបើកឱ្យចូលកម្សាន្តកាលពីថ្ងៃទី១ ខែមេសា កន្លងទៅ កោះពស់បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេសនៅចុងសប្តាហ៍ មានរថយន្តប្រមាណ ១,០០០គ្រឿង និងម៉ូតូជិត ២,៥០០គ្រឿង បានឆ្លងកាត់ទៅកម្សាន្តនៅលើកោះ។
ដើម្បីធានាបាននូវសោភ័ណភាព និងការគ្រប់គ្រងឱ្យបានល្អប្រសើរ ក្រុមហ៊ុនបានដាក់សំណូមពរបើកឱ្យចូលកម្សាន្តត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍ (ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ) ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៧:០០យប់។ ចំណែកថ្ងៃចន្ទ ដល់ថ្ងៃពុធ ក្រុមហ៊ុនសុំរក្សាទុកសម្រាប់ធ្វើការសម្អាតឆ្នេរ និងរៀបចំបរិស្ថានឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនគ្រោងនឹងដាក់បង្គន់អនាម័យចល័តចំនួន ៨កន្លែង បន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត បានផ្តល់ការណែនាំសំខាន់ៗដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. ការទទួលខុសត្រូវ ក្រុមហ៊ុនត្រូវម្ចាស់ការលើការកែលម្អ អនាម័យ និងបរិស្ថានក្នុងទីតាំងរបស់ខ្លួនឱ្យបានដាច់ខាត។
២. ត្រូវរៀបចំអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដើម្បីការពារបរិស្ថានសមុទ្រ។
៣. ត្រូវរៀបចំសណ្ដាប់ធ្នាប់ ឱ្យមានរបៀបរៀបរយ និងដាក់ស្លាកសញ្ញាហាមឃាត់ ឬស្លាកសញ្ញាគ្រោះថ្នាក់នៅតាមការដ្ឋានដែលកំពុងសាងសង់។
៤. បន្តថែរក្សាព្រៃឈើនៅលើកោះឱ្យមានភាពបៃតងស្របតាមម៉ាស្ទរប្លង់ដែលរាជរដ្ឋាភិបាលបានកំណត់។
ការបើកឱ្យដំណើរការកោះពស់ឡើងវិញ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ ប៉ុន្តែត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន និងសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

សម្រួលអត្ថបទ : ស្រីមុំ


