ឯកឧត្តម ឃឹម វុទ្ធី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ព្រះនាម «រាក្យសាទេវី» នឹងយាងចុះនៅម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោសព្រំជ័យមង្គល វិបុលសុខ លើករាសី នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ព្រះនាម «រាក្យសាទេវី» នឹងយាងចុះនៅម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរ សាទរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ពិសេសដើម្បីទទួលពរជ័យ និងជ័យជំនះគ្រប់ប្រការ ក្នុងការបន្តដឹកនាំ និងរួមសាមគ្គីគ្នាបំពេញកិច្ចការងារផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកំសាន្តថ្មីៗជាច្រើនទៀតជូនបងប្អូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរបន្ថែមទៀត ៕