រថយន្តវេជ្ជសាស្ត្រចល័តមានបច្ចេកវិទ្យាទំនើបដែលមានសមត្ថភាពអាចព្យាបាលនិងវះកាត់ជំងឺបេះដូងពីកំណើត ជូនដល់កុមារកម្ពុជា

ភ្នំពេញ៖ តំណាងមូលនិធិចិន Peaceland លោក Liu Wenzhi បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៨មក ដោយសហការជាមួយអង្គការ Yundi ខេត្តយូណាន (YDHR) និងដៃគូសង្គមស៊ីវិលកម្ពុជា រួមមាន សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបមូលនិធិចិន Peaceland បានរួមចំណែកនៅក្នុងបេសកកម្មដើម្បីពិនិត្យ និងព្យាបាលជំងឺបេះដូងពីកំណើតជូនដល់កុមារកម្ពុជា។

លោកបន្ថែមថា រថយន្តវេជ្ជសាស្ត្រចល័តមានបច្ចេកវិទ្យាទំនើបដែលមានសមត្ថភាពអាចព្យាបាលនិងវះកាត់ជំងឺបេះដូងពីកំណើតនេះជាអំណោយរបស់បណ្តាញសង្គមស៊ីវិលចិន (China NGO Network for International Exchanges) តាមរយៈមូលនិធិចិន Peaceland ដែលបានផ្តល់មកប្រើប្រាស់នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់សមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីពង្រីកសេវាពិនិត្យ និងព្យាបាលទៅកាន់តំបន់ដែលមានការចូលដំណើរការសុខាភិបាលនៅមាន កម្រិត។

លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបថា ចាប់ពីឆ្នាំ២០១៨ មក កុមារកម្ពុជាចំនួន១២៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលដោយឥតគិត ថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន ហើយរថយន្តវេជ្ជសាស្ត្រចល័តនេះនឹងមានសមត្ថភាព ក្នុងការជួយដល់ការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតដោយផ្ទាល់នៅនឹងទីតាំងដែលរថយន្តនេះតាំងក្រោមអភិបាលកិច្ចបច្ចេកទេសរបស់គ្រូពេទ្យឯកទេស។

លោកបណ្ឌិតបានបន្ថែមថា ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ ក្រោមការគាំទ្រនិងចង្អុលបង្ហាញ ពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន រថយន្តវេជ្ជសាស្ត្រចល័តខាងលើ ត្រូវបានមូលនិធិ Peaceland សហការសម្របសម្រួលយកទៅប្រើប្រាស់ចំនួន៣លើក ដើម្បីគាំទ្រការងាររបស់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន។ ជាក់ស្តែង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ រថយន្តនេះបានចុះបម្រើការងារនៅកំពត ដើម្បីពិនិត្យសុខភាពបេះដូងកុមារ៕