ធនាគារជាតិនៃកម្ពុជា ÷សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមរាក្យៈសាទេវី សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា និងសាធារណជនទូទៅទាំងអស់
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល និងរាប់បាត្រព្រះសង្ឃចំនួន ១២០អង្គ អមដោយការសម្តែងរបាំត្រុដិ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្ត្រី-បុគ្គលិកទាំងអស់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។
ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ដែលនឹងចុះអភិបាល ជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ធនាគារជាតិនៃកម្ពុជា និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។



