ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យការសាងសង់ផ្ទះ និងការរៀបចំតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត និងអគ្គិសនីតាមខ្នងផ្ទះជូនអតីតយុទ្ធជន ដែលរាជរដ្ឋាភិបាលប្រើប្រាស់ផ្ទះទាំងអស់នេះសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា តាមរយៈផ្ទះរបស់អតីតយុទ្ធជនដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ការរៀបចំហែរដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង និងការគាំទ្រដល់ជីវភាពប្រចាំថ្ងៃបន្ថែមពីការត្រៀមបង្កើតដីកសិកម្មផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី គន់ គីមបានសម្របសម្រួល និងជំរុញដល់ស្ថាប័នជំនាញពន្លឿនការតភ្ជាប់ឱ្យបានកាន់តែឆាប់ ដើម្បីប្រជាពលរដ្ឋភៀសសឹកបានចូលទៅស្នាក់នៅ និងមានលក្ខណៈប្រសើរ៕



