ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ បណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ បណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូន-ទទួលសៀវភៅ ២ ចំណងជើងគឺ ពុទ្ធោវាទ និង វចនវោហារ សរុបចំនួន ៧០ ក្បាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និង ចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត។
ជំនួបសម្ដែងការគួរសមនេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦៕



