ខេត្តព្រះសីហនុសម្ពោធសមិទ្ធផលថ្មីនៅឆ្នេរអូរឈើទាល និងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ក្រោមប្រធានបទ «ស្នាមញញឹម និងក្តីសង្ឃឹម»

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសម្ពោធសមិទ្ធផលនានានៅតំបន់ឆ្នេរអូរឈើទាល អមជាមួយការសម្តែង សិល្បៈវប្បធម៌ និងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ពិធីនេះបានប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក្រោមប្រធានបទយ៉ាងមានអត្ថន័យថា៖ «ស្នាមញញឹម និងក្តីសង្ឃឹម នៃ ខេត្តព្រះសីហនុ»។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនកុះករ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្លៃនៃសាមគ្គីភាពក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងបានរំលឹកពីសារៈសំខាន់នៃល្បែងប្រ ជាប្រិយខ្មែរ (ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង…) ដែលមិនត្រឹមតែជាកេរដំណែលវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយ និងប្រាជ្ញាស្មារតីទៀតផង។
ដើម្បីប្រែក្លាយឆ្នេរអូរឈើទាលឱ្យទៅជាតំបន់ទេសចរណ៍ស្តង់ដារអន្តរជាតិ រដ្ឋបាលខេត្តបានសម្រេចនូវគម្រោងកែលម្អសំខាន់ៗចំនួន ១០ ចំណុច រួមមាន៖
១. ហេដ្ឋារចនាសម្ព័ន្ធ៖ រៀបចំចំណតរថយន្តបាន ១០០%, បំពាក់ភ្លើងសូឡា ៦៩ដើម និងរៀបចំប្រព័ន្ធលូទឹកកខ្វក់ ២៧កន្លែង។
២. សោភ័ណភាពបៃតង៖ ដាំដើមឈើទាល ២០០ដើម, ដើមអង្គារសិល្ប៍ ៣១១ដើម និងរៀបចំវាលស្មៅ ១ ២០០ម៉ែត្រការ៉េ។
៣. សណ្តាប់ធ្នាប់ និងសុវត្ថិភាព៖ រៀបចំខ្សែបណ្តាញអគ្គិសនីក្រោមដី, បំពាក់កាមេរ៉ាសុវត្ថិភាព, និងសាងសង់អគារយាមការសម្រាប់កងរាជអាវុធហត្ថ។
៤. ការកម្សាន្ត និងផាសុកភាព៖ កែលម្អតូបអាហារ, បើកផ្លូវចូលឆ្នេរ ៧ច្រក, សាងសង់ផ្លូវដើរអ៊ុតពណ៌, និងសាងសង់ស្លាក «ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ» នៅរង្វង់មូលបេះដូង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ជាពិសេសគឺការយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងបរិស្ថាន ដើម្បីធានាថាឆ្នេរអូរឈើទាល នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់ខេត្តទាំងមូល។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការរីកចម្រើនឥតឈប់ឈរ និងការត្រៀមខ្លួនជាស្រេចរបស់ខេត្តព្រះសីហនុ ក្នុងការស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសមហាសង្ក្រាន្តឆ្នាំ២០២៦ នេះ៕

អត្ថបទ៖ ម៉ារ៉ាឌី