ប្រជាជនអូស្ត្រាលីបានទិញប្រេងឥន្ធនៈក្នុងថ្ងៃបុណ្យ Easter នៅឆ្នាំនេះច្រើនជាងឆ្នាំមុន៣០%! ដោយរដ្ឋមន្ត្រីក្រសួងថាមពលរំលឹកឱ្យទិញតាមតម្រូវការជាក់ស្តែង កុំទិញស្តុកទុកនៅផ្ទះអាចបង្ករគ្រោះថ្នាក់ខ្ពស់
លោក Chris Bowen រដ្ឋមន្ត្រីក្រសួងថាមពលអូស្ត្រាលីបាននិយាយថា អ្នកបើកបរយានយន្តរបស់ប្រទេសនេះបានទិញប្រេងឥន្ធនៈបន្ថែមរហូតដល់ ៣០% នៅថ្ងៃបុណ្យ Easter ច្រើនជាងសកម្មភាពទិញក្នុងពេលវេលាដូចគ្នាបើប្រៀបធៀបកាលពីឆ្នាំមុន។ លោក Bowen បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលីបានចុះកិច្ចសន្យាផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូតគ្រប់គ្រាន់ដើម្បីប្រើប្រាស់ “នាពេលបច្ចុប្បន្នរហូតដល់ខែឧសភា”។ លោក Bowen បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា “ក្រុមហ៊ុនប្រេងឥន្ធនៈបានប្រាប់ខ្ញុំថា តម្រូវការប្រេងឥទ្ធនៈនៅថ្ងៃបុណ្យ Easter ឆ្នាំនេះបានហក់ឡើងខ្ពស់ជាង ៣០% ជាងថ្ងៃបុណ្យ Easter ឆ្នាំមុន”។ លោក Bowen បាននិយាយថា “នឹងមានហេតុផលជាច្រើនសម្រាប់រឿងនោះ ដោយសារតែមនុស្សមួយចំនួនព្យាករណ៍ពីអ្វីដែលអាចកើតឡើងលើតម្លៃប្រេងឥទ្ធនៈសកល។ ចំណែកអ្នកផ្សេងទៀតបានសម្រេចចិត្តទិញទុកដោយពួកគេខ្លួនឯង”។ “អ្វីដែលខ្ញុំអាចធ្វើបានគឺផ្តល់ដំបូន្មានដូចគ្នាជាប្រចាំថ្ងៃថា៖ សូមទិញប្រេងឥន្ធនៈឱ្យបានច្រើនទៅតាម តម្រូវការរបស់អ្នកជាក់ស្តែង។ ព្រោះអូស្រាលីបានត្រៀមរួចរាល់ និងមិនមានបញ្ហាជាមួយរឿងនោះទេ។ ប៉ុន្តែកុំទិញលើសពីអ្វីដែលអ្នកត្រូវការឲ្យសោះ វាអាចបង្ករជាហានិភ័យបាន។ ប៉ុន្តែប្រសិនបើអ្នកកំពុងទិញនិងរក្សាទុកប្រេងឥន្ធនៈនៅក្នុងផ្ទះវិញ ច្បាស់ណាស់វាពិតមានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះប្រេងឥទ្ធនៈត្រូវការសម្ភារៈទុកដាក់ និង បរិយាកាសពិសេស មិនអាចយកទៅស្តុកទុកនៅតាមផ្ទះធម្មតានោះទេ។ អូស្រាលីរំលឹកដល់ប្រតិបត្តិករទាំងអស់មិនណែនាំពលរដ្ឋឲ្យទិញប្រេងទុកនោះទេ ព្រោះវាមិនបានជួយស្តារស្ថានការណ៍អ្វីទេ”។ លើសពីនេះដែរ លោក Bowen បាននិយាយថានៃស្ថានីយប្រេងឥន្ធនៈរបស់ប្រទេសអូស្ត្រាលី ៣.៤% គឺបានលក់អស់ប្រេងម៉ាស៊ូតហើយនៅថ្ងៃចន្ទនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



