ប្រតិភូខេត្តកាម៉ាវ ប្រទេសវៀតណាម អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក ងូ វូ ថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងជំនួបនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានរំលេចពីចំណងមិត្តភាពរវាងខេត្តទាំងពីរ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពដ៏រឹងមាំអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានបង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានគម្រោងវិនិយោគរហូតដល់ ៤៦៧គម្រោង។

ជាការឆ្លើយតប លោក ងូ វូ ថាំង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបានជម្រាបជូនពីវឌ្ឍនភាពនៃខេត្តកាម៉ាវ ដែលមានកំណើនសេដ្ឋកិច្ច ៨% ក្រោយការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្មី។ លោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទស្សនកិច្ចជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការចែករំលែកបទពិសោធន៍រវាងខេត្តទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញក្តីសង្ឃឹមថា ខេត្តព្រះសីហនុ និងខេត្តកាម៉ាវ នឹងបន្តរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររួមគ្នា ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

សម្រួលអត្ថបទ ៖ ម៉ារ៉ាឌី