ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប ប្រារព្ធ ទិវាវប្បធម៌ «អ៊ិនធីស៊ីតែមួយ វប្បធម៌តែមួយក្នុងរយៈពេល៣០ឆ្នាំ»
លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ព្រមទាំង លោកជំទាវ យូរ ឃីម ធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្ដិ បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ក្រោមឆ័ត្រស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ប្រារព្ធទិវាវប្បធម៌ «អ៊ិនធីស៊ីតែមួយ វប្បធម៌តែមួយ ក្នុងរយៈពេល៣០ឆ្នាំ»របស់ អ៊ិនធីស៊ី គ្រុប ដែលកំពុងតែជោគជ័យយ៉ាងខ្លាំង ហើយពិធីនេះក៏ដើម្បីជាការអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះផងដែរ។
ក្នុងឱកាសនេះ លោកឧកញ៉ា ជា ធីឡាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ក្រោមឆ័ត្រស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ដែលក្នុងរយៈពេលជាច្រើនឆ្នាំនេះបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញការងារតាមមុខនាទីរបស់ខ្លួនធ្វើឱ្យ អ៊ិនធីស៊ី គ្រុប ទទួលបានការរីកចម្រើនយ៉ាងខ្លាំងលើការអប់រំ ជាពិសេសសាលារៀនសុវណ្ណភូមិមានភាពជោគជ័យជាទីមោទនៈ រហូតធ្វើឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាភូមិទទួលបានលទ្ធផលដ៏ត្រចះត្រចង់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកឧកញ៉ា ជា ធីឡាយ បានបង្ហាញនូវមោទនភាពចំពោះស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប របស់លោក ដែល បាន និងកំពុងបន្តរីកចម្រើនឥតឈប់ឈរក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងឈានចូលមក ដល់នាពេលខាងមុខនេះ លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ យូរ ឃីម ធីឡាយ បានជូននូវសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់ប្រការជូនគណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ក្រោមឆ័ត្រស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប សូមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលមាំមួន សុខភាពល្អបរិបូណ៍ និងសូមសម្តែងនូវកតញ្ញូដ៏ស្មោះក្នុងមនោសញ្ចេតនាប្រកបដោយការអរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដោយស្មោះចំពោះ លោក លោកស្រី ដែលក្នុងរយៈពេលកន្លងមកនេះបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ដើម្បីបុព្វហេតុការរីកចម្រើនដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ក្រោមឆ័ត្រស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ក៏សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាមរាក្យសារទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម សូមព្រះអង្គតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូនលោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



