ព្រឹត្តិការណ៍វប្បធម៌ក្រោមប្រធានបទ «ស្នាមញញឹម និងសេចក្ដីសង្ឃឹមនៃខេត្តព្រះសីហនុ» (Smiling and Hoping of Preah Sihanouk Province) បានចាប់ផ្តើមហើយ!

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរការផ្លាស់ប្តូរឆ្នាំចាស់ចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមោទនភាពជាតិ និងការរស់ឡើងវិញនៃសិល្បៈវប្បធម៌ខ្មែរយ៉ាងរស់រវើក។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅបរិវេណរង្វង់មូលស្លាកក្លឹបឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ឆ្នេរអូរឈើទាល ១ ក្រុងព្រះសីហនុ ចាប់ពីម៉ោង ២:០០រសៀល រហូតដល់យប់ជ្រៅ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

កម្មវិធីត្រូវបានបែងចែកជាផ្នែកសំខាន់ៗដូចជា៖

• ការលេងល្បែងប្រពៃណីដូចជា លាក់កន្សែង, វាយក្អម, បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ និងដណ្តើមស្លឹកឈើ ដែលបង្កើតនូវបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។

• ក្បួនព្យុហយាត្រាសិល្បៈ និងវប្បធម៌ ដែលមានការចូលរួមពីសិល្បករ សិល្បការិនី រហូត ដល់១០ផែន រៀបរាប់ពីប្រវត្តិសាស្ត្រ តួអង្គក្នុងរឿងព្រេង(ដូចជារឿងព្រះថោងនាងនាគ) និងការបង្ហាញពីសម្រស់ធម្មជាតិនៃវិស័យទេសចរណ៍ខេត្តព្រះសីហនុ។

• ការសម្ដែងសិល្បៈ៖ មានការសម្ដែងរបាំប្រពៃណី និងរបាំច្នៃប្រឌិតថ្មីៗជាច្រើនដូចជា របាំជូនពរ, របាំនេសាទ, របាំគោះអង្រែ និងជាពិសេសគឺ របាំក្របាស សន្តិភាពដែលជានិមិត្តរូបនៃសុខសន្តិភាព និងការអភិវឌ្ឍ។

 

ខ្លឹមសារ៖ ម៉ារ៉ាឌី