មាដាយមាស ប្រាក់ សំរិត និងបណ្ណសរសើរ ជាច្រើនបានប្រគល់ជូនដល់ សិស្សឆ្នើម គ្រប់កម្រិតនៃសាលាអន្តរជាតិមែនន័រ ក្នុងព្រឹត្តិការណ៍ស្នាដៃសិស្ស ប្រចាំឆ្នាំ២០២៦ …

ការតាំងពិព័រណ៍អប់រំស្ទីម លើកទី២ និងបំពាក់មេដាយ បណ្ណសរសើរ ត្រូវបានរៀបចំដោយ សាលាអន្តរជាតិមែនន័រ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ស្នាដៃសិស្ស ប្រចាំឆ្នាំ២០២៦

លោកស្រី ឡាយ អមរា ស្ថាបនិក និងជាអគ្គនាយិការសាលាអន្តរជាតិមែនន័រ មានប្រសាសន៍ថាៈ កម្មវិធីតាំងពិព័រណ៍នេះ មិនត្រឹមតែជាការបង្ហាញស្នាដៃប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទិសដៅអប់រំ ដែលយើងកំពុងផ្លាស់ប្តូរពីការសិក្សាផ្អែកលើការចងចាំ ទៅរកការសិក្សាផ្អែកលើការគិត វិភាគ និងការអនុវត្តជាក់ស្តែង។ ការចូលរួមរបស់កូនៗនៅថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេអាចក្លាយជាអ្នកច្នៃប្រឌិត អ្នកបង្កើតថ្មី មិនមែនត្រឹមតែជាអ្នកទទួលយកចំណេះដឹង (consumers) នោះទេ ដែលនេះជាគោលដៅសំខាន់នៃការអប់រំនៅសតវត្សទី២១ ដែលយើងត្រូវបន្តលើកស្ទួយ។ លោកស្រីបានបញ្ជាក់ទៀតថា សាលាអន្តរជាតិមែនន័រ នឹងបន្តវិនិយោគលើការអប់រំផ្នែកវិទ្យាសាស្ត្រ និង STEAM ដោយផ្តោតលើ៖ -ការអភិវឌ្ឍជំនាញគិតវិភាគ និងដោះស្រាយបញ្ហា -ការលើកទឹកចិត្តការស្រាវជ្រាវ និងការច្នៃប្រឌិត -ការបង្កើតបរិយាកាសសិក្សាដែលជំរុញការបង្កើតទំនាក់ទំនងល្អ និងការសហការគ្នា។ លោកស្រីបានលើកទឹកចិត្តឲ្យកូនៗបន្តសិក្សាស្រាវជ្រាវ បន្តសាកល្បង ហើយកុំភ័យខ្លាចនឹងការបរាជ័យ ព្រោះការបរាជ័យនេះគឺជាផ្នែកមួយនៃការសិក្សា និងជាជំហានទៅរកភាពជោគជ័យនាថ្ងៃអនាគត។លោកស្រីក៏បានថ្លែងអំណរអរគុណដល់អ្នកគ្រូ លោកគ្រូ នៃសាលាអន្តរជាតិមែនន័រ ចំពោះការខិតខំប្រឹងប្រែង និងភាពជាគំរូល្អ ក្នុងការណែនាំ និងបណ្តុះបណ្តាលសិស្សានុសិស្ស។ ការងាររបស់លោកអ្នក មិនត្រឹមតែបង្រៀនប៉ុណ្ណោះទេ ក៏ប៉ុន្តែកំពុងបង្កើតអនាគតដ៏វិសេសសម្រាប់ប្រទេសជាតិ។ជាមួយគ្នានោះដែរ លោកស្រីក៏សូមថ្លែងអំណរគុណដល់ដៃគូសហការរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រង Prudential គ្លីនិកភ្នែកមេត្តា ក្រុមហ៊ុនទឹកដោះគោ CALPIS ស្ថាប័នហិរញ្ញវត្ថុអម្រិត ក្រុមហ៊ុនទឹកពិសារ Enagic និងកម្មវិធីUCMAS សាខាឫស្សីកែវដែលបានធ្វើឲ្យកម្មវិធីនេះកាន់តែមានភាពអធិកអធម។ ជាមួយគ្នានោះដែរ ក្នុងកម្មវិធីក៏មានជាការបំពាក់មេដាយជូនម្ចាស់ជ័យលាភីស្នាដៃសិស្សឆ្នើម ប្រគល់មេដាយ មាស ប្រាក់ សម្រិត និងបណ្ណសរសើរ ជូនដល់សិស្សឆ្នើមគ្រប់កម្រិត។មុននឹងបញ្ចប់ លោកស្រីក៏សូមជំរុញឲ្យដៃគូសហការទាំងអស់គ្នា បន្តធ្វើការរួមគ្នា ដើម្បីកសាងប្រព័ន្ធអប់រំដែលមានគុណភាព ដែលអាចបង្កើតជំនាន់ថ្មីដែលមានចំណេះដឹង សមត្ថភាព និងសីលធម៌ល្អ ។សូមបញ្ជាក់ផងដែរថា ក្នុងនោះសាលាក៏មានកម្មវិធីសិក្សាចំណេះដឹងទូទៅ ៣ភាសាក្នុងពេលតែមួយ និងសាលាក៏មានជាកម្មវិធី យូស៊ីម៉ាស់ ដែលជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ សម្រាប់កុមារចាប់ពីអាយុ ៤ឆ្នាំ ទៅដល់ ១២ឆ្នាំផងដែរ៕