តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្រួសារកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

កម្មវិធីជួបជុំនិងពិសារអាហារសាមគ្គី ជាមួយគ្រួសារវីរកងទ័ព វីរនគរបាល ដែលកំពុងឈរជើង នៅជួរមុខក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រព្រឹត្តទៅ នៅសង្កាត់ស្ពានថ្មនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ពិធីជួបជុំនិងពិសារអាហារ សាមគ្គី ជាមួយគ្រួសារវីរកងទ័ព- វីរនគរបាល រៀបចំឡើងដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយលោកជំទាវ ក្រួច សំអាន អនុប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាសមាជិករដ្ឋសភាមណ្ឌលរាជធានីភ្នំពេញ ។

សមាសភាពចូលរួមពិសារអាហារសាមគ្គី មានចំនួន១១៩ គ្រួសារមានសមាជិកធ្វើជាវីរកងទ័ព និងវីរនគរបាលសរុបមាន ចំនួន១២៥នាក់និងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចំនួន ១២នាក់,ប្រធានក្រុមប្រឹក្សាសង្កាត់-ចៅសង្កាត់ចំនួន១២នាក់។

ឱកាសនោះដែរឯកឧត្តម កែប ជុតិមា បានមានប្រសាសន៏ថ្លែងអំណរគុណ ដែលមានបងប្អូន មានកូនជាយុទ្ធជន នៅសមរភូមិមុខ ការពារបូរណភាពទឹកដី របស់យើង។

ឯកឧត្តមបញ្ជាក់ថា៖ “យើងអត់ចង់បានទឹកដីរបស់នរណាទេ ប៉ុន្តែយើងក៏មិនឱ្យបាត់បង់ទឹកដីរបស់យើងដែរ។សម្តេចតេជោ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកំណត់អាទិភាពច្បាស់គឺការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាយុជីវិតរបស់យុទ្ធជនរបស់យើង”។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ ដែលជាមូលដ្ឋានសំខាន់ក្នុងការកសាងសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តម បានសម្តែងមោទនភាពចំពោះសាមគ្គីភាពជាតិ និងការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចំពោះកងកម្លាំងការពារជាតិ ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន ក្នុងការពារបូរណភាពទឹកដី។ ឯកឧត្តមបានបញ្ជាក់ថា៖កម្ពុជាប្រទេសតូច តែប្រជាពលរដ្ឋកម្ពុជាទាំងអស់បានរួបរួមគ្នា ឯកភាពគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ឯកឧត្តម ក៏បានលើកឡើងអំពីវិធានការទប់ស្កាត់បញ្ហាសង្គម ដូចជា បទល្មើសឆបោកតាមអនឡាញ (Online Scams) និងបញ្ហាគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពសង្គម។

ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្តម កែប ជុតិមា និងលោកជំទាវ ក្រួច សំអាន បាននាំយកអំណោយ រួមមាន សារុង ក្រមា និងថវិកា មកចែកជូនដល់គ្រួសារវីរកងទ័ព និងបានរៀបចំពិសារអាហារសាមគ្គីជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព៕