ព្រឹត្តិការណ៍ស្នាដៃ គំនិតច្នៃប្រឌិត ការគិតវិភាគ ការសហការ និងសមត្ថភាព បង្កើតថ្មីរបស់សិស្សានុសិស្សសាលាអន្តរជាតិមែនន័រ ត្រូវរៀបចំក្នុងគោលបំណងដើម្បីរំលេចចេញអំពីស្នាដៃ ជាលទ្ធផលរបស់សិស្ស…
ព្រឹត្តិការណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៦ នៃការតាំងពិព័រណ៍អប់រំស្ទែម លើកទី២ ត្រូវបានរៀបចំឡើងដោយ សាលាអន្តរជាតិមែនន័រ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ពឹង គឹមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ពឹង គឹមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរដល់សាលាអន្តរជាតិមែនន័រ ដែលបានយកចិត្តទុកដាក់រៀបចំកម្មវិធិតាំងពិព័រណ៍សា្នដៃសិស្សនេះឡើងជាលើកទី២ ដើម្បីរំលេចចេញអំពីស្នាដៃ ជាលទ្ធផលរបស់សិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សាអប់រំប្រកបដោយនវានុវត្ត ការចេះឆ្នៃប្រឌិត ផ្តួចផ្តើមគំនិត នាពេលកន្លងមកនេះ ដោយបានដាក់បង្ហាញជូនដល់ពិធីទាំងមូលបានទស្សនា។ ឯកឧត្តមបានបន្តទៀតថា ការអប់រំត្រូវមានបី សំខាន់គឺ ពីជាអ្នកគាំទ្រ និងមួយជាអ្នកអនុវត្តផ្ទាល់ ហើយការអប់រំចាំបាច់ ទី១ គឺត្រូវតែមានមាតាបីតា -ទី២ គឺលោកគ្រូអ្នកគ្រូ និង-ទី៣គឺសិស្សានុសិស្សខ្លួនឯងតែម្តង។ ឯកឧត្តមក៏បានកោតសរសើរដល់សិស្សានុសិស្សដែលបានឡើងសម្តែងសមត្ថភាព នៃការខិតខំសិក្សា នៅសាលាអន្តរជាតិមែនន័រ នៃការគិតលេខលឿនរហ័ស នៅក្នុងកម្មវិធីនេះដែរ ពិតជាមានសមត្ថភាព ជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ បន្តរុងរឿងទៅតាមយុគ្គសម័យឌីជីថល។ ឯកឧត្តមក៏បានផ្តាំផ្ញើរទៅដល់មាតាបិតា និងសិស្សានុសិស្សថា យើងមានមាតាបិតា ចំនួនបីគឺ ទី១ មាតាបិតាបង្កើត ទី២ លោកគ្រូអ្នកគ្រូ និងទី៣ គឺជា មេនៃអង្គភាពដែលយើងបានទៅប្រកបការងារ ដូចច្នេះក្នុងមួយជីវិតរបស់យើង គឺអាចក្លាយជា មេបី និងកូនបី។
លោក រឿន ចន្ថា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រ មានប្រសាសន៍ថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គំនិតច្នៃប្រឌិត ការគិតវិភាគ ការសហការ និងសមត្ថភាព បង្កើតថ្មីរបស់សិស្សានុសិស្ស ព្រមទាំងបង្កើនភាពស្និតស្នាលរវាងសាលា មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។ ក្នុងការតាំងពិព័រណ៍នេះ មានសរុបចំនួន ៤០ គម្រោង រួមមាន៖-មត្តេយ្យសិក្សា ៦គម្រោង -បឋមសិក្សា ២២គម្រោង និងមធ្យមសិក្សា ១២ គម្រោង ។ ចំពោះលទ្ធផលគម្រោងសិស្សានុសិស្សនឹងទទួលបានជ័យលាភី ដូចជា មេដាយមាស ១០ គម្រោង មេដាយប្រាក់ ១២គម្រោង និងមេដាយសំរិទ្ធ ១៨គម្រោង ព្រមទាំងបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត។
ជាមួយគ្នានេះដែរលោកក៏បានបន្តទៀតថា ពិធីតាំងពិព័រណ៍នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងសក្តានុពលរបស់សិស្សានុសិស្សនៃសាលាអន្តរជាតិមែនន័រ ក្នុងការអនុវត្តចំណេះដឹងទៅជាការបង្កើត និងនវានុវត្តន៍ ដែលស្របតាមទិសដៅអប់រំសតវត្សរ៍ទី២១។ សាលាអន្តរជាតិមែនន័រអនុវត្តន៍កម្មវិធីសិក្សាទំនើបបែបសតវត្សរ៍ទី២១ ទាំងកម្មវិធីសិក្សាជាតិ អន្តរជាតិ ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដោយបង្រៀន ៣ភាសា ក្នុងពេលតែមួយ គឺភាសាខ្មែរ ចិន អង់គ្លេស និងផ្តោតបន្ថែមលើកម្មវិធីសិក្សាបំណិនជីវិតប្រចាំថ្ងៃ ការបណ្តុះឥរិយាបថ និងភាពជាពលរដ្ឋល្អ ហើយកម្មវិធីអប់រំស្តែម (STEM) គឺជាកម្មវិធីហ្វឹកហ្វឺនភាពជាដឹកនាំ សហគ្រិនភាព និងកម្មវិធីបំណិនសតវត្សរ៍ទី២១ ជាច្រើនទៀត ដើម្បីឱ្យកុមារក្លាយជាពលរដ្ឋល្អ ឆ្លាតវៃ និងពូកែពិតប្រាកដ។ ហើយការតាំងពិព័រណ៍នេះគឺកើតចេញពីភាពឆ្នៃប្រឌិតនៃគម្រោងទៅថ្ងៃអនាគតរបស់សិស្សានុសិស្សតែម្តង ដែលគម្រោងរបស់គាត់គឺកើតចេញពីការសិក្សា និងភាពឆ្នៃប្រឌិត របស់គាត់ផ្ទាល់និងការចូលររួមនៃសាលាអន្តរជាតិមែនន័រនេះតែម្តង។ ក្នុងនោះសាលាមានកម្មវិធីសិក្សាចំណេះដឹងទូទៅ ៣ភាសាក្នុងពេលតែមួយ និងកម្មវិធីគណនាលេខរហ័ស យូស៊ីម៉ាស់ ដែលជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ សម្រាប់កុមារចាប់ពីអាយុ ៤ឆ្នាំ ទៅដល់ ១២ឆ្នាំផងដែរ ហើយបើកថ្នាក់ថ្មី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕



