ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ចូលជួបសំដែងការគូរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ចូលជួបសម្តែងនិងជម្រាបលានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងកោតសរសើរ និងសម្តែងនូវអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត តួកគីយ៉េ
ចំពោះកិច្ចសហការនាពេលកន្លងមកជាមួយនឹងក្រសួងព័ត៌មាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការលើកស្ទួយទំនាក់ទំនងក្នុងវិស័យព័ត៌មាន តាមរយៈការចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់គ្នារវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយទីភ្នាក់ងារសារការព័ត៌មានតួកគី Anadolu Ajansi(AA) និងការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មានកម្ពុជា ជាមួយ នាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ កាលពី ឆ្នាំ២០២៤។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ អំពីការគាំទ្រពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ដែលបានផ្តួចផ្តើមរួមគ្នារៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល» កាលពីឆ្នាំ២០២៥កន្លងទៅនេះ។

លោកជំទាវ ឯកអគ្គរាជទូតតួកគីយ៉េ បានកត់សម្គាល់ និងថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងផ្តល់នូវព័ត៌មានពិតជូនប្រជាពលរដ្ឋ។ លោកជំទាវ បានគូសបញ្ជាក់បន្ថែមទៀតថា ប្រទេសតួកគីយ៉េ នឹងបន្តកិច្ចសហការ និងគាំទ្រចំពោះក្រសួងព័ត៌មាន សំដៅជំរុញការអភិវឌ្ឍ និងលើកស្ទួយទំនាក់ទំនង ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ តួកគីយ៉េ និងកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យ ក្នុងបេសកកម្មនានានៅពេលខាងមុខបន្ដទៀត៕