ក្រោមគម្រោងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវជាច្រើនខ្សែក្នុងខេត្តកំពង់ចាម និងក្រចេះ ពីផ្លូវលំ ជាផ្លូវបេតុង និងកៅស៊ូ

ខេត្តកមពង់ចាម ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំប្រតិភូចុះទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៥ ខ្សែ ក្នុងនោះនៅក្នុងខេត្តកំពង់ចាមចំនួន ២ ខ្សែ និងនៅក្នុងខេត្តក្រចេះចំនួន ៣ ខ្សែ។

ផ្លូវទាំង៥ខ្សែនោះរួមមាន ៖

ខ្សែទី១៖ ឈ្មោះផ្លូវ ទួលប្រាក់-សូភាស ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៩,៨៨២ គ.ម. ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើទៅកាន់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិឌ្ឍន៍អាស៊ី (ADB)។

ខ្សែទី២៖ ឈ្មោះផ្លូវ ប៉ប្រក-ទ័ព ជាផ្លូវក្រាលបេតុនិងក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែងសរុប ៥,៤៧ គ.ម. មានទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ទៅកាន់ភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាព ៥៥% ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក( WB)។

ខ្សែទី៣៖ ឈ្មោះផ្លូវ ព្រែកប្រសព្វលើ-កំពែង ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៤,២០ គ.ម. ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិព្រែកប្រសព្វលើ ទៅកាន់ភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយសម្រេចបាន ៩៨,៨៦% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

ខ្សែទី៤៖ ឈ្មោះផ្លូវ ថ្មរាប-ទួលខ្នុរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤,៧០គ.ម. ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិថ្មរាប ឃុំព្រែកប្រសព្វ ទៅកាន់ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ផ្លូវនេះចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្នសម្រេចបាន ៨៧%។

ខ្សែទី៥៖ ឈ្មោះផ្លូវ ចង្រ្កង់-ថ្មគ្រែ ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១,១០គ.ម. ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិចង្ក្រង់ ឃុំចង្រ្កង់ ទៅកាន់ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នសម្រេចបាន ៩៦,៧៣% ។

ផ្លូវទាំង ៣ ខ្សែនៅក្នុងខេត្តក្រចេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់ (RCIP) ហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕