មន្រ្តីជំនាញ NOCC ចុះផ្សព្វផ្សាយ កម្មវិធីគុណតម្លៃអូឡាំពិក នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៃ ខេត្តព្រះសីហនុ

កម្មវិធីការអប់រំគុណតម្លៃ អូឡាំពិក បន្តចុះផ្សព្វផ្សាយ នៅវិទ្យាល័យតេជោ ហ៊ុនសែន កម្មករ នៃខេត្តព្រះសីហនុ ដែលមាន សិស្សានុសិស្ស ចូលរួមប្រមាណជាង២០០នាក់ ដែលដឹកនាំដោយ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២៦ ។

លោក ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍ថា ដោយទទួលបានការអនុញាតពី ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទើបក្រុមការងារ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ធ្វើការបញ្ជ្រាបនិងអប់រំផ្សព្វផ្សាយអំពី គុណតម្លៃរបស់អូឡាំពិក ដែលមានដូចជា ចលនាកីឡាអូឡាំពិក ប្រវត្តិកកើត នៃ កីឡាអូឡាំពិក ដែលមានអាយុកាលជិត ៣០០០ ឆ្នាំ ការវិវឌ្ឍន៍ នៃចលនាកីឡាអូឡាំពិក សម័យទំនើប ដែលជាស្មារតីអូឡាំពិក ដែលយុវជនទាំងអស់ត្រូវតែយល់ដឹង និងជ្រួតជ្រាបក្រោមស្មារតីកីឡា ដើម្បីជំរុញការចូលរួមលេងកីឡារបស់យុវជនទាំងអស់ក៏ដូចជាចូលរួមជំរុញនៅ ការអភិវឌ្ឍសង្គម និង បំណិនជីវិត។

លោក អគ្គលេខាធិការរង NOCC បានគូសបញ្ជាក់ទៀតថា ក្រៅពីបញ្ជា្របការផ្សព្វផ្សាយអំពី គុណតម្លៃអូឡាំពិក ឬ សាមគ្គីអូឡាំពិក មន្រ្តីជំនាញរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានបញ្ជ្រាបនូវយុទ្ធនាការ យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដែលជាយុទ្ធនាការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញចលនាទាំងនេះក្នុងការត្រៀមលក្ខណៈការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីហ្គេមឆ្នាំ២០៣១។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកដែលកម្ពុជារៀបចំជាប្រចាំឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺបានទទួលការកោតសសើរខ្លាំងពី អង្គការសាមគ្គីអូឡាំពិក និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយគេមើលឃើញអំពីភាពផុសផុល និងភាពសកម្មរបស់ កម្ពុជា លើការផ្សព្វផ្សាយអំពី ទស្សនៈវិជ្ជា និង គុណតម្លៃអប់រំអូឡាំពិក ដល់សិស្សានុសិស្ស ដែលជាចក្ខុវិស័យសំខាន់របស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការរួមចំណែកការកសាងពិភពលោក ឱ្យកាន់តែស្រស់បំព្រង ប្រកបដោយ សន្តិភាព តាមរយៈការអប់រំយុវជនឱ្យចូលរួមលេងកីឡាក្រោមស្មារតី ទស្សនៈវិជ្ជា និងចលនាអូឡាំពិក។

លោក ប៊ុយ សុភ័ណ្ឌ បន្ថែមទៀតថា ក្នុងឆ្នាំ ២០២៦ ដែលជាអាណត្តិថ្មី ទី៩នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមាន ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធាន និង ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ បានដាក់ចេញនូវយុទ្ធសាស្រ្ត បន្តពង្រឹង និងពង្រីក នៅការផ្សព្វផ្សាយ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ ដែលនៅតាមបណ្តាសាលាជាយដែន ដែលរងផលប៉ះពាល់ដោយសាសង្រ្គាមឈ្លានពានរបស់យោធាថៃ ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និង ខេត្តព្រះវិហារ។ ទន្ទឹមនិងនោះ ក៏មានការផ្តល់ជូនជា ទីលាន និងការជួសជុលទីលានកីឡា ជូនផងដែរ៕