ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ការធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរុាណជាភាពចាំបាច់ តាមរយការបង្កើត Content ខ្លឹមសារល្អៗ គុណភាពព័ត៌មាន មានវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា,
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍គូសបញ្ជាក់ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនផងដែរ។
ចំណុចសំខាន់ៗដែល ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងខាងលើនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងស្ថានីយវិទ្យុ FM ឯកជន ដឹកនាំដោយ លោក ញុិល ពុធសម្ផស្ស តំណាងវិទ្យុ FM ឯកជនចំនួនទាំង ២៧ស្ថានីយ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា« ប្រព័ន្ធផ្សព្វផ្សាយបុរាណ ទោះបីជាមានការចុះខ្សោយនូវតួនាទី ក៏ប៉ុន្តែនៅតែមានសារៈសំខាន់ក្នុងការផ្សាយព័ត៌មានពិតជូនដល់ប្រជាជន» ។ ដូច្នេះដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយ ប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាដើមត្រូវជំរុញការផ្សព្វផ្សាយ ឌីជីថល ផ្សាយនៅលើ Facebook Telegram TikTok ។ តាមរយៈនេះ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់បណ្តាម្ចាស់ស្ថានីយវិទ្យុ FM ឯកជនទាំងអស់ ត្រូវខិតខំផលិត Content ខ្លឹមសារល្អៗ មានកម្មវិធីផ្សាយសម្បូរបែប មានគុណភាព មានសុវត្ថិភាពគឺយើងទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនាបានច្រើន ។
ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មី ដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើមិនដូច្នោះទេ ប្រព័ន្ធផ្សព្វផ្សាយបុរាណនឹងជួបនូវការបិទទ្វារ ឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនថា បច្ចុប្បន្នកម្ពុជា មានគណនី facebook ប្រមាណ ១៥ លានគណនី ខណៈប្រជាពលរដ្ឋខ្មែរមានចំនួនជាង ១៧លាននាក់ ក្នុងនោះ tik tok មានប្រមាណ ១០លាន គណនី ។
តែទោះបីប្រព័ន្ធផ្សព្វផ្សាយសង្គមមានចំនួនច្រើនក៏ដោយ យើងសង្កេតឃើញថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើការផ្សាយក្នុងបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយ មានប្រភពផ្លូវការច្បាស់លាស់ ពិសេសមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយមានវិជ្ជាជីវៈត្រឹមត្រូវដែលបានដើរតួនាទីសំខាន់ នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
គូររំលឹកដែរថា ក្នុងពេលកន្លងមកនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកជាវេទិកាជាមួយម្ចាស់ស្ថានីយវិទ្យុនិងទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថល៕









