ឥណ្ឌាមានប្រជាជនច្រើនជាងគេលើពិភពលោកជាង ១.៤ប៊ីលាននាក់! និងចាប់ផ្តើមធ្វើជំរឿនប្រជាជនជាថ្មីតាមស្តង់ដាឌីជីថលនិងកំណត់ផែនទីផ្អែកលើប្រព័ន្ធផ្កាយរណប

ប្រទេសឥណ្ឌាបានចាប់ផ្តើមការរាប់ចំនួនប្រជាជនជាតិ ឬ ធ្វើជំរឿនប្រជាជនដ៏ធំបំផុតរបស់ពិភពលោក ដែលអាចផ្លាស់ប្តូរកម្មវិធីសុខុមាលភាព និងភាពតំណាងនៃនយោបាយទូទាំងប្រទេសរបស់ពួកគេ។ ជំរឿនមុនក្នុងឆ្នាំ ២០១១ បានកត់ត្រាថាមានប្រជាជនចំនួន ១,២១ ប៊ីលាននាក់។ បន្តមកបច្ចុប្បន្នប្រទេសនេះត្រូវបានគេប៉ាន់ប្រមាណថាមានប្រជាជនសរុបចំនួនជាង ១,៤ ប៊ីលាននាក់ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ជំរឿនថ្មីនេះត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជំងឺរាតត្បាត COVID-19 និងបញ្ហាប្រឈមផ្នែកភស្តុភារផ្សេងៗ។ ដំណាក់កាលដំបូងនៃការរាប់ជំរឿនបានចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញ ហើយនឹងចាប់ផ្តើមឡើងវិញនៅទូទាំងប្រទេសរហូតដល់ខែកញ្ញាឆ្នាំ២០២៦។ នយោជកនឹងចំណាយពេលប្រហែលមួយខែនៅក្នុងតំបន់នីមួយៗដើម្បីប្រមូលព័ត៌មានស្តីអំពីស្ថានភាពផ្ទះសម្បែង និងគ្រឿងបរិក្ខារដែលមាន ហើយនឹងការកត់ត្រាស្តុកលំនៅដ្ឋាន និងលក្ខខណ្ឌរស់នៅនានាដែរ។ ការងារនេះនឹងលាយបញ្ចូលគ្នានូវការស្ទង់មតិផ្ទាល់ជាមួយនឹងជម្រើសលើវិស័យឌីជីថលដែលអ្នកស្រុកអាចដាក់ស្នើព័ត៌មានតាមរយៈកម្មវិធីពហុភាសាដែលរួមបញ្ចូលទាំងការធ្វើផែនទីផ្អែកលើផ្កាយរណបជាដើម។ ដំណាក់កាលទីពីរ ត្រូវធ្វើឡើងចាប់ពីខែកញ្ញាដល់ខែមេសាខាងមុខ នឹងកត់ត្រាព័ត៌មានលម្អិតបន្ថែមទៀតដូចជាលក្ខណៈសង្គម និងសេដ្ឋកិច្ចរបស់ប្រជាជន រួមទាំងសាសនា និងស្ថានភាពវណ្ណៈជាដើម។ បុគ្គលិករដ្ឋាភិបាលជាង ៣លាននាក់ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ពង្រាយក្នុងរយៈពេលមួយឆ្នាំនេះដើម្បីសម្រេចកិច្ចការជំរឿន។ នៅឆ្នាំ ២០១១ អ្នករាប់ចំនួនចំនួនប្រជាជនមានជិត ២,៧លាននាក់ប៉ុណ្ណោះបានស្ទង់មតិលើគ្រួសារជាង ២៤០លានគ្រួសារទូទាំងប្រទេស។ ដំណាក់កាលទីពីរនៃជំរឿននេះនឹងព្យាយាមរាប់បញ្ចូលនៃវណ្ណៈឱ្យកាន់តែទូលំទូលាយលើសពីក្រុមដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងប្រវត្តិសាស្ត្រឥណ្ឌាដែរ។ វណ្ណៈគឺជាប្រព័ន្ធឋានានុក្រមសង្គមបុរាណមួយនៅក្នុងប្រទេសឥណ្ឌា ហើយវាមានឥទ្ធិពលក្នុងការកំណត់ឋានៈក្នុងសង្គម និងការសម្រេចចិត្តថាតើអ្នកណាទទួលបានធនធាន ការអប់រំ និងឱកាសសេដ្ឋកិច្ចជាដើម។ មានក្រុមវណ្ណៈរាប់រយក្រុមដែលផ្អែកលើមុខរបរ និងឋានៈសេដ្ឋកិច្ចនៅទូទាំងប្រទេសឥណ្ឌា ជាពិសេសក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូ ប៉ុន្តែប្រទេសនេះមានទិន្នន័យដែលមានកំណត់ច្បាស់លាស់ ឬ លើសពីអំពីចំនួនមនុស្សដែលពួកគេរាប់។ ទិន្នន័យប្រជាជនដែលប្រមូលបានតាមរយៈជំរឿននេះគឺបានគាំទ្រដល់ការចែកចាយកម្មវិធីសុខុមាលភាពរបស់រដ្ឋាភិបាល និងគោលនយោបាយសាធារណៈជាច្រើនទៀត។ វាក៏អាចជំរុញឱ្យមានការរៀបចំឡើងវិញនូវផែនទីនយោបាយរបស់ប្រទេសឥណ្ឌាផងដែរ ដោយសារអាសនៈនៅក្នុងសភាជាន់ទាបឥណ្ឌា និងសភានីតិបញ្ញត្តិរដ្ឋអាចត្រូវបានបង្កើនឡើងដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាជនពិតប្រាកដ។ ច្បាប់ឆ្នាំ ២០២៣ បានរក្សាអាសនៈសភា១ភាគ៣សម្រាប់ស្ត្រី ដូច្នេះការពង្រីកណាមួយនឹងក្លាយជាឱកាសដើម្បីបង្កើនចំនួនអាសនៈទុកសម្រាប់តំណាងជាស្ត្រីភេទ មានអាទិភាពជាងសម័យមុនៗ៕

សម្រួលអត្ថបទ៖ សុផារិន្ទ