វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅប្រារព្ធខួបទី១៣ឆ្នាំនៃទិវាអូទីស្សឹមកម្ពុជា និង លើកទី១៩លើពិភពលោកផ្តោតសំខាន់លើជនអូទីស្សឹមនិងមនុស្សជាតិ ដោយជីវិតមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ
«បរិវត្តកម្ម ឌីជីថល និងបរិយាបន្នជនអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ» គឺជាប្រធានបទនៃទិវាអូទីស្សឹមកម្ពុជាលើកទី១៣ និងទិវាអូទីសឹមពិភពលោកលើកទី១៩ ដោយថ្ងៃនេះវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ក្នុងនាមជាប្រតិបត្តិករថែទាំកុមារអូទីស្សឹម និង ដោនស៊ីនដ្រូម។ កម្មវិធីនេះអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវ សេង សុជាតិតា ប្រធានគណៈកម្មាការគ្រប់គ្រងសាលារៀន និងជាអគ្គនាយិការក្រុមហ៊ុន មណ្ឌលគិរីរីសត និង លោកគ្រូ អ្នកគ្រូ អណាព្យាបាលសិស្ស ជាច្រើនរូបទៀត ដែលបានរៀបចំធ្វើឡើងក្រោមការដឹកនាំរបស់លោក ចាន់ សារិន នាយកវិទ្យាល័យក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើមលោកជំទាវគណៈអធិបតីបានមានប្រសាសន៍ថា៖ យើងបានមកជួបជុំគ្នានៅពេលនេះគឺជាទិដ្ឋភាពដ៏សប្បាយរីករាយមួយ ដើម្បីរៀបចំទិវាអូទីស្សឹមកម្ពុជាលើកទី១៣ជូនប្អូនៗកុមារអូទីស្សឹមនិងដោនស៊ីដ្រូមទាំងអស់ប្រកបដោយសេចក្តីស្រលាញ់និងយកចិត្តទុកដាក់។ ជាការពិតណាស់ថា បុគ្គលមានបញ្ហាអូទីស្សឹម ត្រូវបានគេកំណត់តាមរយៈការលំបាកជាប្រចាំមាន៣ចំនុចសំខាន់ៗ ទី១ ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងសង្គម ទី២. វិបត្តិ មានបញ្ហាវិបត្តិភាសា និងការនិយាយស្តី និងទី៣ បញ្ហាវិបត្តិអាកប្បកិរិយាជាមួយមនុស្សជុំវិញខ្លួន សហគមន៍ និងសង្គមគ្រួសារជាដើម។ លោកជំទាវបានគូសបញ្ជាក់ថាលោក Leo Kanner បើទោះបីជាជាគាត់បានរកឃើញថាអូទីស្សឹមជាលើកដំបូងនៅឆ្នាំ១៩៤៣ក៏ដោយ តែរយៈពេលជាង៨០ឆ្នាំមកនេះ ភាពច្បាស់លាស់មួយដែលបណ្តាលឱ្យមានបញ្ហាអូទីស្សឹមគឺស្ថិតនៅក្នុងភាពអាថ៍កំបាំងដដែលនៅឡើយទេ។ យើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្នពិភពលោកបានកំណត់ទិវាយល់ដឹងពីជនអូទីសៀមនេះនៅចន្លោះសប្តាហ៍ទី១ នៃខែមេសាជារៀងរាល់ឆ្នាំ ហើយឆ្នាំ២០២៦នេះ គឺជាឆ្នាំទី១៩ ដែលពិភពលោកបានរៀបចំទិវាលើកកម្ពស់ការយល់ដឹងពីជនមានអូទីស្សឹម ហើយប្រធាបបទពិភពលោកគឺ Autism and Humanity- Every life has value ” ដែលមានន័យអូទីស្សឹម និងមនុស្សជាតិ – ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ” ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាយើងវិញ ទិវាអូទីស្សឹម បានប្រារព្ធធ្វើរួមជាមួយគ្នាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក ដោយមានការចូលរួមយ៉ាងសកម្មពី ថ្នាក់ដឹកនាំក្រសួង សង្គមកិច្ច ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នរដ្ឋ អង្គការ សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធវិស័យពិការភាព និងជនអូទីស្សឹម ក្រោមប្រធាបនបទ បរិវត្តកម្ម ឌីជីថល និងបរិយាបន្នជនអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ។ ហើយលោកជំទាវសង្ឃឹមថាកូនៗទាំងអស់គ្នានិងមានសេចក្តីរីករាយជាមួយគ្នា ហើយយើងទាំងអស់គ្នានឹងបន្តការងារជួយលើកស្ទួយពួកគេក្នុងគោលបំណងបញ្រ្ជៀបពីការយល់ដឹងផ្នែកអូទីស្សឹម និងកាត់បន្ថយការរើសអើង! ហើយយើងទាំងអស់គ្នាក៏សូមបន់ស្រន់សូមឱ្យពិភពលោកទាំងមូលមានតែសុខសន្តិភាព និងក្តីស្រលាញ់ជាអមតៈដែរ ។ ចំណែកលោកនាយកវិទ្យាល័យ ចាន់ សារិន វិញបានគូសបញ្ជាក់ថា៖ ទោះបីជាឆ្នាំ២០២៦នេះ ប្រទេសជាតិកំពុងតែស្ថិតក្នុងវិបត្តិបញ្ហាព្រំដែនជាមួយប្រទេសជិតខាងក្តី តែរាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេចពីកូនៗពិការដែលមានតម្រូវការពិសេសនេះឡើយ ហើយឆ្នាំនេះសកម្មភាពលើកស្ទួយកុមារអូទីស្សឹមតាមរយៈបណ្តុះគំនិត បន្ថែមភាពចងចាំសម្រាប់ពួកគេ តាមរយៈការលេងល្បែងប្រជាប្រិយប្រពៃណីជាតិយើងមុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់ ប៉ុន្តែយើងក៏មិនបានភ្លេចឡើយនូវការ លះបង់ដ៏ធំធេងរបស់បងៗវិរៈកងទ័ពដែលនៅសមរភូមិមុខ ឈរការពារជាតិយ៉ាងរឹងមាំ យើងខ្ញុំទាំងអស់គ្នាមិនដែលភ្លេច ឡើយសូម្បីតែ១នាទី ពីការឈ្លានពានរបស់ប្រទេសជិតខាងដែលបានរំលោភមកលើអធិបតេយ្យភាពកម្ពុជាយើង និងខិតខំប្រឹងប្រែងជាមួយគ្នា គាំទ្ររាជរដ្ឋាភិបាលរបស់យើង ហើយយើងពិតជាចង់ឃើញមនុស្សអូទីស្សឹមក្លាយជាចំណែកណាមួយក្នុង ខឿនកិច្ចការពារជាតិដ៏រឹងមាំ ក្នុងកិច្ចការសន្តិភាព និងការអភិវឌ្ឍន៍នៅលើសកលលោកដូចគ្នាដែរ។ ជាក់ស្តែងភាពវិវឌ្ឍន៍លើកស្ទួយជនកុមារអូទីស្សឹមនិងដោនស៊ីនដ្រូម តាមរយៈការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយកាលពីឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភអគារសិក្សាមួយខ្នងកម្ពស់០៣ជាន់ ស្នើនិង១៨បន្ទប់ ហើយអ្វីជាពិសេសទៅទៀតនៅដើមឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសម្រេចឧបត្ថម្ភអគារសិក្សា១ខ្នងទៀត មានកម្ពស់៣ជាន់ ស្មើនិង ១៨បន្ទប់ តាមរយៈឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយយ័តក្រុងព្រះសីហនុ និងសប្បុរជនដ៏ទៃទៀត ដែលសរុបទៅអគារសិក្សាថ្មីមានចំនួន៣ខ្នង ស្មើនិង៤៤បន្ទប់ នេះហើយជាសមិទ្ធផលដែលបានមកពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាយើងលើជនមានពិការភាព៕



