ខេត្តព្រះសីហនុ និងខេត្តអានហ្សាង រឹតបន្តឹងចំណងមិត្តភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តព្រះសីហនុ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឡេ វ៉ាន់ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ក្នុងជំនួបពិភាក្សានេះ លោក ឯម ភាព អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តអានហ្សាង គឺជា “សម្ព័ន្ធមេត្រីភាពដែកថែប” ដែលបានថែរក្សាយ៉ាងរឹងមាំតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។ ទំនាក់ទំនងនេះមិនត្រឹមតែជាការគោរពតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានចម្លងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

សក្តានុពលសេដ្ឋកិច្ច និងវឌ្ឍនភាពខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីវឌ្ឍនភាពដ៏លេចធ្លោរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងតំបន់សេដ្ឋកិច្ចពិសេស។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រហូតដល់ដាច់ឆ្នាំ២០២៧។ គិតមកទល់ពេលនេះ មានគម្រោងចំនួន ៤៦៧ ត្រូវបានអនុញ្ញាតជាគោលការណ៍ ដែលមានទុនវិនិយោគសរុបប្រមាណ ៨,១៨ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារបានជាង ៥ ម៉ឺនកន្លែង។

ជាការឆ្លើយតប លោក ឡេ វ៉ាន់ផឿក បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នា ខេត្តអានយ៉ាងនឹងបន្តជំរុញការផ្លាស់ប្តូរទំនិញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាទីបញ្ចប់ ភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមកនូវសិរីសួស្តី ជ័យមង្គល និងប្តេជ្ញាថែរក្សាចំណងមិត្តភាពនេះឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរជាអមតៈ៕

 

សម្រួលអត្ថបទ : ស្រីមុំ