ស្របពេលដែលអាម៉េរិកត្រៀមប្រកាសបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ក្តី! ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅតែបន្តវាយប្រហារនិងចាត់ទុកអ៊ីរ៉ង់ជារដ្ឋភេរវកម្ម

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ទោះបីជាអ៊ីរ៉ង់នៅតែមានសមត្ថភាពបាញ់បង្ហោះដើម្បីគំរាមកំហែងអ៊ីស្រាអែលក៏ដោយ ក៏វាលែងអាចជាការគំរាមកំហែងទៀតហើយដល់អត្ថិភាពរបស់ខ្លួន។ នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ លោក Netanyahu បានរៀបរាប់លម្អិតអំពីអ្វីដែលលោកបានពិពណ៌នាថាជាសមិទ្ធផលសំខាន់ៗក្នុងការធ្វើឱ្យរបបអ៊ីរ៉ង់ និងសមត្ថភាពយោធារបស់ខ្លួនចុះខ្សោយ ដោយលោកនិយាយថា កងកម្លាំងអ៊ីស្រាអែលបាន “បំបែកអំណាចរបស់ក្រុមភេរវកម្មអ៊ីរ៉ង់ដែលឡោមព័ទ្ធយើងនៅក្នុងសង្វៀនបិទខ្ទប់ច្រក”។ អ៊ីរ៉ង់បានបាញ់មីស៊ីលតិចជាងពេលចាប់ផ្តើមសង្គ្រាម ប៉ុន្តែពួកគេនៅតែបន្តដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដែលហោះទាបជាងមុនដែរ ដែលវាពិបាកស្ទាក់ចាប់ជាងផងដែរ។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារជារលកថ្មីទៅលើអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងតេអេរ៉ង់នៅដើមថ្ងៃអង្គារម្សិលមិញនេះ។ លោក Netanyahu បានសរសើរកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ហើយបាននិយាយថា លោកសង្ឃឹមទៀតថា ពួកគេនឹងអាចនិយាយគ្នាអំពីសម្ព័ន្ធភាពថ្មីនៅក្នុងតំបន់នោះនាពេលឆាប់ៗ។ ប៉ុន្តែយោងតាមសេតវិមានបានឲ្យដឹងថាលោក Trump គ្រោងនឹងផ្តល់សន្និសីទព័ត៌មាននាយប់ថ្ងៃពុធនេះ ស្តីអំពីការបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ទៅវិញ៕

សម្រួលអត្ថបទ៖ សុផារិន្ទ