ភាគហ៊ុនអាស៊ី និង Wall Street របស់អាម៉េរិកបានងើបឡើងវិញ! បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសថាអាម៉េរិកនឹងបញ្ឈប់វាយប្រហារទៅលើអ៊ីរ៉ង់ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ 

ភាគហ៊ុនអាស៊ីបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃពុធនេះ បន្ទាប់ពីភាគហ៊ុនអាម៉េរិកបានកើនឡើង ចំថ្ងៃដ៏ល្អបំផុតមួយរបស់ពួកគេចាប់តាំងពីនិទាឃរដូវមុន ដោយសារក្តីសង្ឃឹមមានឡើងវិញថាសង្គ្រាមអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងបានកើនឡើង ៥.២% នៅក្នុងការជួញដូរដំបូង ខណៈដែល Nikkei 225 របស់តូក្យូបានកើនឡើង ៣.៥% ។ ចំណែក Takashi Hiroki ប្រធានអ្នកយុទ្ធសាស្ត្រនៅ MONEX ក្នុងទីក្រុងតូក្យូ បាននិយាយថា ទីផ្សារអាស៊ីបានកើនឡើង ដោយសារមានប្រតិកម្មចំពោះកំណើននៅក្នុងទីផ្សារអាមេរិកដែរ។ ភាពសុទិដ្ឋិនិយមនេះបានងើបឡើងវិញ និងបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការវាយប្រហារអ៊ីរ៉ង់ប្រហែលជាក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត ហើយលោកថាសហរដ្ឋអាមេរិកនឹងធ្វើអ្វីពាក់ព័ន្ធវានោះទេ ដែលសំដៅទៅលើអ្វីដែលនឹងកើតឡើងបន្ទាប់នៅក្នុងច្រកសមុទ្រ Hormuz ។ សេតវិមានបាននិយាយថា Trump នឹងថ្លែងសុន្ទរកថាសាធារណៈនៅយប់ថ្ងៃពុធនេះ (ម៉ោងនៅអាម៉េរិក) ស្តីពីសង្គ្រាមអ៊ីរ៉ង់ផងដែរ។ ការរំខានចរាចរណ៍ផ្លូវសមុទ្រដ៏សំខាន់នៅច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃថាមពលកើនឡើង និងកំពុងជំរុញបញ្ហាអតិផរណាសកល។ ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក ដែលជាធម្មតាវាត្រូវឆ្លងកាត់ច្រកសមុទ្រមួយនេះ។ តម្លៃប្រេងបានស្ថិរភាពបន្ទាប់ពីការធ្លាក់ចុះនាពេលមុនៗ។ តម្លៃប្រេងឆៅប្រភេទ Brent មួយបារ៉ែល ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង ០.៦% តម្លៃដល់ទៅ ១០៤.៦២ដុល្លារអាម៉េរិក នៅព្រឹកថ្ងៃពុធនេះ ចំណែកប្រេងឆៅស្តង់ដារអាមេរិកបានកើនឡើង ០.៩% ដល់ ១០២.៣០ដុល្លារអាម៉េរិក។ នៅថ្ងៃអង្គារម្សិលមិញ សន្ទស្សន៍ S&P 500 បានកើនឡើង ២.៩% ជាការកើនឡើងធំបំផុតរបស់ខ្លួនចាប់តាំងពីខែឧសភាមក។ សន្ទស្សន៍ឧស្សាហកម្ម Dow Jones បានកើនឡើង ២.៥% ហើយសន្ទស្សន៍ហ៊ុន Nasdaq បានកើនឡើង ៣.៨% ថែមទៀតផង៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ