មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បូកសរុបលទ្ធផលការងារត្រីមាសទី១ និងប្តេជ្ញាពង្រឹងយន្តការអន្តរវិស័យ ដើម្បីយុត្តិធម៌ជនរងគ្រោះ

ខេត្តព្រះសីហនុ ៖ យន្តការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅក្នុងខេត្តព្រះសីហនុ កាន់តែត្រូវបានពង្រឹងឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗសម្រាប់ឆ្នាំ២០២៦ សំដៅធានាសុវត្ថិភាព និងលើកកម្ពស់សិទ្ធិស្ត្រី និងកុមារក្នុងមូលដ្ឋាន។
នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងដាក់ចេញនូវទិសដៅការងារបន្ត របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBV ខេត្ត ដោយមានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធយ៉ាងច្រើនកុះករ។
នៅក្នុងអង្គប្រជុំ ក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ដែលរួមមានចំណុចគន្លឹះសំខាន់ៗដូចជា ការផ្តល់សេវាផ្នែកច្បាប់ និងសុខាភិបាលដល់ជនរងគ្រោះត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមន្ទីរសុខាភិបាល និងស្ថាប័នយុត្តិធម៌។ប្រសិទ្ធភាពនៃការផ្លាស់ប្តូរព័ត៌មានរវាងនគរបាល តុលាការ និងមន្ទីរកិច្ចការនារី មានភាពរលូន ដែលអនុញ្ញាតឱ្យមានការអន្តរាគមន៍ទាន់ពេលវេលាក្នុងករណីបន្ទាន់។ យុទ្ធនាការផ្សព្វផ្សាយនៅតាមសហគមន៍ដាច់ស្រយាលត្រូវបានពង្រីកវិសាលភាព ដែលធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងកិច្ចការពារតាមផ្លូវច្បាប់។
ទោះបីជាទទួលបានលទ្ធផលល្អប្រសើរ កិច្ចប្រជុំក៏បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមមួយចំនួន ដូចជាការលំបាកក្នុងការទទួលបានព័ត៌មានពីជនរងគ្រោះនៅតំបន់ដាច់ស្រយាលខ្លាំង និងកត្តាវប្បធម៌មួយចំនួនដែលនៅតែចាត់ទុកអំពើហិង្សាក្នុងគ្រួសារជា “រឿងផ្ទៃក្នុង”។ ដើម្បីដោះស្រាយបញ្ហានេះ អង្គប្រជុំបានឯកភាពលើការបង្កើនបណ្តាញព័ត៌មាននៅកម្រិតឃុំ-សង្កាត់ ឱ្យកាន់តែសកម្មជាងមុន។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ ដើម្បីជាត្រីវិស័យសម្រាប់អនុវត្តបន្ត៖
១. ត្រូវតាមដានអោយដិតដល់រាល់ករណីហិង្សាឱ្យដល់ទីបញ្ចប់ ដើម្បីធានាថាជនរងគ្រោះទទួលបានយុត្តិធម៌ពិតប្រាកដ និងការស្តារនីតិសម្បទាផ្នែកស្មារតីពេញលេញ។
២. បន្តសហការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច ចូលរួមផ្សព្ធផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋានសហគមន៍ ។
៣. បន្តយុទ្ធនាការអប់រំអំពីសមភាពយេនឌ័រ ជាពិសេសផ្តោតលើក្រុមគោលដៅយុវវ័យ និងកម្មករ-កម្មការិនីតាមរោងចក្រ សហគ្រាស។
៤. បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានរវាងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងសភាពការណ៍ឱ្យបានទាន់ចិត្ត។

លោកជំទាវ ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍បន្ថែមថា “ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារបស់យើងទាំងអស់គ្នា ដើម្បីកសាងសង្គមមួយដែលមានសុវត្ថិភាព និងយុត្តិធម៌” ។

សម្រួលអត្ថបទ៖ ស្រីមុំ