សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពកម្ពុជា-ចិន ធន់ និងទុកចិត្តបាន នៅគ្រប់កាលៈទេសៈ

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។
សម្តេចបានលើកឡើងដូចនេះ ក្នុងឱកាសដែលឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹង និងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅគ្រប់ជំនាន់។ សម្តេចបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះ ឡើយ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ កិច្ចអន្តរាគមន៍របស់ចិន មានយុទ្ធសាស្ត្រ និងយុទ្ធវិធីច្បាស់លាស់ និងហ្មត់ចត់។ ក្នុងនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំចង្អៀតត្រីភាគី ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅបឹងហ្វូសៀន (Fuxian Lake) ខេត្តយូណាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្ហាញពីតួនាទីដ៏សំខាន់ និងប្រកបដោយស្ថាបនាក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីកាត់បន្ថយការប៉ះទង្គិចដោយប្រដាប់អាវុធ និងនាំស្ថានភាពឆ្ពោះទៅកាន់សន្តិភាពឡើងវិញ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបេសកកម្មការទូតរបស់ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា ថា មានសកម្មភាពយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសម្ពោធសមិទ្ធផលនានា ដែលជាជំនួយរបស់មិត្តចិនចំពោះកម្ពុជា ដែលថ្មីៗនេះ គឺគម្រោងកសាងស្ពានថ្មីមេគង្គក្រចេះ ដែលជាស្ពានមិត្តភាពខ្មែរចិន ដែលនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខាងមុខ ដែលជាការតភ្ជាប់ដ៏សំខាន់ក្នុងការរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជំនួយរបស់ចិន បាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជានៅក្នុងគ្រាលំបាកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានចក្ខុវិស័យច្បាស់លាស់ ក្នុងការរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍ ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម វ៉ាង វិនប៊ីន បានគោរពថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន។ មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិន នឹងជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង។
ឯកឧត្តម វ៉ាង វិនប៊ីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា នឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចិននឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ដែលស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍យ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ។
ជាមួយគ្នានេះ សម្តេចបានអបអរសាទរ ចំពោះជោគជ័យនៃ “មហាសន្និបាតពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC)” និង “មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស (NPC)” កាលពីខែមីនាកន្លងមកនេះ ដែលបានបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធអភិបាលកិច្ច និងជាទិសដៅសំខាន់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពបន្ថែមទៀតរបស់ប្រទេសចិន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសង្ឃឹមថា ប្រទេសចិន នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសុខសន្តិភាពពិភពលោក និងស្តារសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ លើកកម្ពស់យន្តការពហុភាគីនិយម ដែលជាខែលសម្រាប់ប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចការពារអធិបតេយ្យភាព និងជំរុញការអភិវឌ្ឍរបស់ខ្លួន៕