អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបរិច្ចាគថវិកាប្រមាណ ២៧៥ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី ខ្មែរជួយខ្មែរ

ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំក្រុមការងារនៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាទទួលជួបសំណេះសំណាល និងទទួលថវិកាបរិច្ចាគប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ចំនួន ២៧៥ ៧៥៥ ០០០ រៀល ពី ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងប្រតិភូអម។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំពោះការបន្តគិតគូរ និងកៀរគរថវិកាបរិច្ចាគជាប្រចាំត្រីមាសនៃឆ្នាំនីមួយៗ ពីនាយទាហាន និងពលទាហាននៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។

ក្រៅពីការបំពេញតួនាទីការពារទឹកដី និងប្រជាជន, អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយបានចូលរួមជាប្រចាំត្រីមាសក្នុង១ឆ្នាំៗ។

សូមជម្រាបជូនផងដែរថា ក្នុងអំឡុងការឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា, មានទារក, កុមារ និងស្រ្តីមានផ្ទៃពោះ មកពីគ្រួសារវីរកងកម្លាំងកម្ពុជា និងក្រុមគ្រួសារភៀសសឹក ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

លេខទំនាក់ទំនង ៖

📞 061 701 111

📞 010 543 666