ក្រុមអាជីវករលក់ដូរក្នុងវិថីអាហារខេត្តកំពតសំដែងការសាទរ និងសប្បាយរីករាយចំពោះការរៀបចំវិថីអាហារថ្មីជូនពួកគាត់
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងកំពត រួមនឹងអាជីវករដែលត្រូវលក់ដូរក្នុងវិថីអាហារ ដើម្បីធ្វើការចាប់ឆ្នោតយកតូបសម្រាប់លក់ដូរ ដែលការចាប់ឆ្នោតនេះបានធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមការគិតគូរសុខទុក្ខក៏ដូចជាជំរុញឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចុះនូវកិច្ចចង្អុលការផ្ទាល់ដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំកែច្នៃរាល់តំបន់ដែលមានសក្តានុពលក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានភាពទាក់ទាញ ដើម្បីប្រជាពលរដ្ឋអាចទាញយកផលពីតំប់ទាំងនោះ។ ជាក់ស្តែង ការរៀបចំវិថីអាហារដែលរំលេចដោយរចនាបទខ្មែរចំកណ្តាលក្រុងកំពតនាពេលនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ហើយនឹងអាចជួយលើកកម្ពស់ជីវភាពអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានភាពល្អប្រសើរ។
ក្រុមអាជីវករដែលត្រូវលក់ដូរក្នុងវិថីអាហារខេត្តកំពត បានសំដែរការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំវិថីអាហារថ្មីនេះ ដែលមានភាពរឹងមាំ ស្អាត មានអនាម័យ ប្រកបដោយសោភណ្ឌភាពទាក់ទាញ ពីសេសការរៀបចំឱ្យអាជីវករទាំងអស់ស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរដើម្បីបង្ហាញភ្ញៀវទេសចរជាតិ អន្តរជាតិ។ ក្រុមអាជីវករបានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត គឺឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលជានិច្ចជាកាលឯកឧត្តមតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអាជីវករក្នុងខេត្តកំពត ដោយបានកែច្នៃ និងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗប្លែកៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា វិថីអាហារត្រូវបានរៀបចំឡើងដោយមានភាពរឹងមាំ ហើយទីតាំងអគារនេះក៏មានរចនាបទខ្មែររួមបញ្ចូលនឹងអគារបេតិកភណ្ឌដែលនៅជុំវិញអាគារនេះ ដែលជាដួងព្រលឹងរបស់ក្រុងកំពត។ លោកប្រធានមន្ទីរបានបន្តថា វិថីអាហារនេះនឹងប្រមូលផ្តុំទៅដោយម្ហូបអាហារដែលជាស្នាដៃរបស់បងប្អូនអ្នកខេត្តកំពត ដែលមានរហូតដល់ជាង ១៧០ប្រភេទ ហើយវិថីអាហារនេះមានតូបសរុបទាំងអស់ចំនួន ៥២តូបផងដែរ។
សូមបញ្ចាក់ដែរថា វិថីអាហារនេះនឹងសម្ពោធបើកជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសាឆ្នាំ២០២៦ខាងមុខ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់។ បើតាមការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា អាជីវករទាំងអស់ដែលលក់ដូរក្នុងវិថីអាហារនេះគឺតម្រូវឱ្យមានការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរជាប់ជានិច្ច ការលក់ដូរត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ហាមប្រើប្រាស់ថង់ផ្លាស្ទិកដោយរាល់ការវេចខ្ចប់ម្ហូបអាហារត្រូវវេចខ្ចប់ដោយស្លឹកចេក ឬស្លឹកឈូក ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងជួយឱ្យបរិស្ថានស្អាត។ តាមការរំពឹងទុក វិថីអាហារនេះនឹងអាចទាក់ទាញភ្ញៀវទេសចរមកពិសារអាហារឆ្ងាញ់ៗប្រចាំតំបន់របស់ខេត្តកំពត និងធ្វើឱ្យកំណើនភ្ញៀវមានការកើនឡើងផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



