អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ មានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍របស់រាជរដ្ឋាភិបាល និងសមាជិកក្រុមការងារបច្វេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តុ សរុបចំនួន ៧២រូប និងតាមរយៈចូលរួមដោយផ្ទាល់ និង ៣៤ គណនី តាមប្រព័ន្ធនិម្មិត។

កិច្ចប្រជុំនេះ មានគោលបំណង៖ ១} ពិនិត្យនូវវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

២) ជំរុញសកម្មភាពអន្តវិស័យឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ៣) យន្តការច្នៃប្រឌិតក្នុងការកៀគរធនធាន និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ និង ៤) ជំរុញការអនុវត្តនូវលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការរដ្ឋមន្រ្តី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងស្វាគមន៍ដល់អង្គប្រជុំ ដោយបញ្ជាក់ពីប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ពីលមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនផង ដែលយោងលទ្ធផលឆ្នាំ២០២៤កន្លងមក ការឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជាបានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែនៅឆ្ងាយពីគោលដៅយុទ្ធសាស្រ្តជាតិបានកំណត់ប្រមាណជា ២០០ករណីក្នុងមួយឆ្នាំ។ ចំណែកក្រុមប្រជាជនគន្លឹះនៅមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់នៅឡើយបើធៀបជាមួយប្រជាជនលទូទៅ។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជំរុញសមាជិកអង្គប្រជុំឱ្យអនុវត្តលិខិតលេខ ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ចេញជាវិធានការដាច់ខាត ជំរុញឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិនៃឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តល់អនុសាសន៍អាទិភាពមួយចំនួន ដូចខាងក្រោម៖

•  ជំរុញការអនុវត្តនូវសារាចរអន្តរក្រសួងលេខ ០០៧ សហវ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលផ្តល់លទ្ធភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចចាត់ចែង និងប្រើប្រាស់ថវិការសេវា ដើម្បីឆ្លើយតបនឹងមេរោគអេដស៍

•  ពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះដោយត្រូវបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈអភិបាលរាជធានីខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។

•  បង្កើនការអង្កេត និងការឆ្លើយតបទៅនឹងឥរិយាបថប្រឈមថ្មីៗ ដោយត្រូវបង្កើនការអង្កេតតាមដានយ៉ាងចិត្តទុកដាក់លើនិន្នាករ និងឥរិយាបថប្រឈមថ្មីៗ ជាពិសេសតាមរយៈវិធីសាស្រ្តចម្រុះ។

•  ជំរុញយុទ្ធសាស្រ្តប្រើប្រាស់ស្រោមអនាម័យ ១០០% ដោយបន្តផ្សព្វផ្សាយ និងរិតបន្តឹងការអនុវត្តសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ។