ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូតប្រទេសកម្ពុជា)
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូតប្រទេសកម្ពុជា) នៅរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជានិងសិង្ហបុរី សរុបប្រមាណ ១៩០ រូប។
ជាមួយគ្នានេះ លោក Chia Der Jiun នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក៏បានចូលរួមតាមប្រព័ន្ធអនឡាញ និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែរឹងមាំ។
ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ (សិង្ហបុរីស្កេនខេអេចឃ្យូអរកូតប្រទេសកម្ពុជា) នឹងសម្រួលឱ្យប្រជាជនសិង្ហបុរីអាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូតនៃគណនីប្រាក់រៀលរបស់ពាណិជ្ជករប្រមាណជាង ៤,៥ លានកន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ដែលនឹងរួមចំណែកពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។
សមិទ្ធផលនេះកើតចេញពីគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍគម្រោងដែលមានធនាគារទំនាក់ទំនងចំនួន ២ រួមមាន ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារហ្វីលីព ភីអិលស៊ី ដែលមានភាគទុនិកមកពី Phillip Group សិង្ហបុរី និងប្រតិបត្តិករ Liquid នៃប្រទេសសិង្ហបុរី ដែលសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ការដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី ២ នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថលស្របតាមទស្សនវិស័យរបស់អាស៊ានក្នុងការអភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញនិងសម្រួលសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕



