អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ខេត្តព្រះសីហនុ៖ ក្នុងស្មារតីលើកកម្ពស់មរតកដូនតា និងការបណ្ដុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨» ក្រោមប្រធានបទយ៉ាងមានអត្ថន័យថា «យុវជនដើម្បីវប្បធម៌ជាតិ»។

ពិធីនេះត្រូវបានរៀបចំឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហេង ស៊ឺ តំណាងឯកឧត្ត វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព យុវជន អ.ម.ត, យុវជន ស.ស.យ.ក, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ១៥០នាក់។

ក្នុងរបាយការណ៍ស្វាគមន៍ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រចាំឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈដ៏ថ្លៃថ្លារបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីកសាង និងថែរក្សាអត្តសញ្ញាណជាតិដ៏រុងរឿង។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំទិវានេះ គឺជាសារដាស់តឿនដល់ពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ឱ្យយល់ច្បាស់ពីតម្លៃនៃសម្បត្តិវប្បធម៌ដែលមិនអាចកាត់ថ្លៃបាន។

ប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានលើកឡើងនូវពាក្យស្លោកដ៏មានឥទ្ធិពលថា “វប្បធម៌គឺជាព្រលឹងជាតិ បើវប្បធម៌រលាយ ជាតិក៏រលត់ បើវប្បធម៌ពណ្ណរាយ ជាតិក៏រុងរឿង”។ លោកស្រីបានបន្តអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យបង្កើនការសិក្សាស្វែងយល់ពីទម្រង់សិល្បៈបុរាណ និងទំនៀមទម្លាប់ខ្មែរ ដើម្បីទប់ទល់នឹងរលកនៃវប្បធម៌បរទេសដែលកំពុងហូរចូលយ៉ាងគំហុក។ លើសពីនេះ លោកស្រីបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ២ ចំណុច៖

១.  ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យុវជនគួរប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យាទំនើប ដើម្បីផលិតមាតិកា ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ពិភពលោក។

២.  វប្បធម៌ និងសីលធម៌សង្គម នឹងមិនអាចរីកចម្រើនបានឡើយ ប្រសិនបើយុវជនធ្លាក់ក្នុងអបាយមុខ ដូចនេះចូលរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ដើម្បីជាការលើកទឹកចិត្តដល់យុវសិល្បករ សាខាសមាគមនារីខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាដល់ក្រុមសិល្បករដែលបានសម្តែងនូវ «រឿងអប់រំស្តីពីផលប៉ះពាល់នៃគ្រឿងញៀន»។ ការសម្តែងនេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវខ្លឹមសារអប់រំយ៉ាងជ្រាលជ្រៅដល់យុវជន ឱ្យចេះជៀសឆ្ងាយពីគ្រឿងញៀន និងងាកមកខិតខំថែរក្សាអត្តសញ្ញាណជាតិវិញ។

ពិធីអបអរសាទរនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទនភាពជាតិ ដែលជាសញ្ញាណវិជ្ជមានបង្ហាញថា ស្មារតីនៃកិច្ចគាំពារវប្បធម៌ជាតិ កំពុងត្រូវបានចាក់ឫសយ៉ាងរឹងមាំក្នុងស្រទាប់យុវជននៅខេត្តតំបន់ឆ្នេរមួយនេះ៕

សម្រួលអត្ថបទ: ស្រីមុំ