ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ នាដើមខែឧសភាខាងមុខ
ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងបែងចែកភារកិច្ច ដើម្បីធានាឱ្យការរៀបចំពិធីបុណ្យវិសាខបូជា ប្រព្រឹត្តទៅបានល្អប្រសើរតាមប្រពៃណីសាសនា។
កិច្ចប្រជុំនេះដោយមានការនិមន្តចូលរួមពី សម្ដេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះមេគណគណៈធម្មយុត្តិកនិកាយរាជធានីភ្នំពេញ ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងមានការនិមន្តចូលរួមពី ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក ព្រះតំណាងសម្តេចព្រះសង្ឃនាយករង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានថ្លែងអំណរព្រះគុណ អរគុណចំពោះសមាជិក សមាជិកា អង្គប្រជុំទាំងអស់ ដែលបាននិមន្ត អញ្ជើញចូលរួមប្រជុំ តាមការនិមន្ត អញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងបានទូលប្រគេន ជម្រាបជូនអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦នេះ ឱ្យដំណើរការនឹងប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
ឯកឧត្តម មានប្រសាសន៍ថា ពិធីបុណ្យវិសាខបូជា ត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង លោកជំទាវ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកិច្ចការងារសំខាន់ៗចំនួន ៣ ដែលត្រូវអនុវត្ត៖
១. សន្តិសុខ និងសណ្តាប់ធ្នាប់៖ រដ្ឋបាលខេត្តកណ្តាលត្រូវទទួលបន្ទុកខ្ពស់ក្នុងការការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ជូនពុទ្ធបរិស័ទដែលនឹងមកចូលរួមយ៉ាងច្រើនកុះករ។
២. អនាម័យ និងសោភ័ណភាព៖ ត្រូវយកចិត្តទុកដាក់លើការសម្អាតបរិស្ថានជុំវិញភ្នំព្រះរាជទ្រព្យ និងតាមជណ្តើរចុះឡើង ព្រមទាំងការតុបតែងលម្អតាមវត្តអារាមនានាឱ្យបានស័ក្តិសមជាបុណ្យជាតិ។
៣. ការសម្របសម្រួលអន្តរក្រសួង៖ ការបែងចែកភារកិច្ចច្បាស់លាស់ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសំណូមពរដល់ព្រះរាជតំណាង ព្រះតំណាង ព្រមទាំងសមាជិក សមាជិកាអង្គប្រជុំ ត្រឡប់ទៅវិញរាយការណ៍ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ ជូនថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត បានជ្រាប និងអនុវត្ត តាមស្មារតីអង្គប្រជុំ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។



