ពិធីបុណ្យសម្ពោធឆ្លងមហាចេតិយដ៏ស្កឹមស្កៃ ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ (គិរីនាគវ័ន)

ខេត្តព្រះសីហនុ – នាថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ព្រះសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទ សីលវន្ត សីលវតី បានរៀបចំពិធីបុណ្យសម្ពោធឆ្លងមហាចេតិយដ៏ធំស្កឹមស្កៃមួយ ដែលស្ថិតនៅក្នុង មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ (គិរីនាគវ័ន) សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
មហាចេតិយដែលនឹងត្រូវដាក់សម្ពោធឆ្លងនាពេលនេះ គឺជាសមិទ្ធផលដែលកើតចេញពីសទ្ធាជ្រះថ្លា និងការសាមគ្គីភាពយ៉ាងមោះមុត។ លក្ខណៈពិសេសនៃមហាចេតិយនេះរួមមាន បាតក្រោមមានរាងបួនជ្រុងស្មើ ៩ម៉ែត្រx៩ម៉ែត្រ កម្ពស់ ២៥ម៉ែត្រ ដែលជានិមិត្តរូបនៃភាពរុងរឿង និងការគោរពបូជាដ៏ខ្ពង់ខ្ពស់ ដែលស្ថិតចំកណ្ដាលតំបន់មជ្ឈមណ្ឌលវិបស្សនា (គិរីនាគវ័ន) ដែលជាទីសការ:សម្រាប់អ្នកប្រតិបត្តិធម៌។
ពិធីបុណ្យនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី
1.  ឆ្លងសមិទ្ធផល ដើម្បីឧទ្ទិសថ្វាយនូវសមិទ្ធផលមហាចេតិយជូនចំពោះព្រះរតនត្រ័យ និងទុកជាសម្បត្តិព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឍ និងពុទ្ធបរិសទ័ជំនាន់ក្រោយៗទៀត ។
2.  បូជាកុសល បង្កឱកាសឱ្យពុទ្ធបរិស័ទជិតឆ្ងាយបានមកជួបជុំគ្នា សមាទានសីល ស្តាប់ព្រះធម៌ទេសនា និងសន្សំបុណ្យកុសលរួមគ្នា។
3.  លើកកម្ពស់វិស័យវិបស្សនា បង្ហាញពីការរីកចម្រើននៃមជ្ឈមណ្ឌលវិបស្សនាធុរៈ (គិរីនាគវ័ន) ក្នុងនាមជាទីកន្លែងសម្រាប់បណ្តុះបណ្តាលសតិ និងសន្តិភាពផ្លូវចិត្ត។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ នឹងមានការនិមន្តចូលរួមពីព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងមានកម្មវិធីបែបសាសនាជាច្រើនដូចជា ការនមស្ការព្រះរតនត្រ័យ និងសមាទានសីល រាប់បាតវេប្រគេនភត្តាហារដល់ព្រះសង្ឃ ជួបជុំពុទ្ធបរិសទ័មកពីទីជិតឆ្ងាយដើម្បីរៀបចំក្បួនដង្ហែអដ្ឋិធាតុ ប្រទក្សិណ ៣ ជុំមហាចេតិយ ដើម្បីតម្កលធាតុទុកក្នុងចេតិយ រួចនិមន្តព្រះសង្ឍបង្សុកូលប្រោះព្រំសិរីសួស្តីលើមហាចេតិយថ្មី។នៅក្នុងពិធីបុណ្យនេះដែរ ព្រះសង្ឃ និងគណៈកម្មការមជ្ឈមណ្ឌល បានអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមក្នុងពិធីបុណ្យនេះយ៉ាងច្រើនកុះករ ដើម្បីទទួលយកនៅមហាកុសលនេះរៀងៗខ្លួន និងដើម្បីញ៉ាំងឱ្យវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងទៅមុខអោយបានគ្រប់ ៥ ពាន់ព្រះវស្សា ៕