ពិធីបើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»

សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ (សាខាចោមចៅ ) នៅថ្ងៃទី២៩ ខែមីនា បានបើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិITRTA និងជា ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ សាកលវិទ្យាធិការ សាកលវិទ្យាធិការរងនៃ បណ្តាសាកលវិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក សមាជិក សមាជិកា ស.ស.យ.ក. និងនិស្សិតជាច្រើនរូបទៀត ។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានជម្រាបជូន អំពីវិស័យវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ជាជំនាញដែលត្រូវបន្តការរៀនសូត្រនិងត្រូវស្រាវជ្រាវជាប្រចាំ អាស្រ័យហេតុនេះហើយបានជាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជានិច្ចកាលបានចូលរួមសិក្ខាសាលានិងសន្និសិទទាំងលក្ខណ:ជាតិនិងអន្តរជាតិ ជាបន្តបន្ទាប់។ ការរៀបចំសន្និសិទជាលក្ខណ:អន្តរជាតិបានចំនួន១០លើកមកហើយ ក្នុងនោះជាមួយមហាមិត្តចិនបានចំនួន៥លើក នេះជាលើកទី៦ ដែលបានរៀបចំសន្និសិទវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិន។ ជាមួយគ្នានោះឯកឧត្តមបន្តថា នៅក្នុងដំណាក់កាលដែលប្រទេសជាតិទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសជាតិខាង សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បានចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ដែលបានខិតខំប្រឹងប្រែងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការរៀបចំវេទិកាវេជ្ជសាស្រ្តអន្តរជាតិកម្ពុជា-ចិន លើកទី៦នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងក្នុងសង្គមកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុងស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងកំពុងវិវត្តយ៉ាងឆាប់រហ័សគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល និងក៏ជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមិត្តចិន កាន់តែស្អិតរមួត។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានអាទិភាពគន្លឹះ ៥ គឺ : “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺ“បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គម កម្ពុជា ព្រមទាំងតម្រូវការក្នុងការលើក កម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និង មធ្យោបាយដ៏សំខាន់ នៃការសម្រេច បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកសមាជិកា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ និងបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលបន្ថែមទៀត ដើម្បីចូលរួមចំណែកពង្រឹងភាពធន់ និងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានប្រគល់លិខិតថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវដែលជាសប្បុរសជន ដែលកន្លងមកបានខិតខំប្រឹងប្រែងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់៕