មហាជនចូលរួមផ្សព្វផ្សាយកាន់តែសកម្មពីបញ្ហាគ្រឿងញៀន និងApp NoDrug នៅក្នុងពិធីបុណ្យទន្លេជុំទី១០

ខេត្តក្រចេះ៖ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋបានចូលរួមបុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ។ ឆ្លៀតឱកាសនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ឆាយភល និងក្រុមហ៊ុនទឹកបរិសុទ្ធហាយតិច បានរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug : https://nodrugsnacd.com/download ដើម្បីលើកកម្ពស់ចំណេះដឹង និងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា តាមរយៈការតាំងពិព៌រណ៍ រូបភាពសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ច្បាប់ និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន ឆ័ត្រ ផ្លិត កែវ កាបូប ចែកជូន និងបន្តផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សំដៅបន្តចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង និងសម្អាតចកពីបឹង » កាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន ។

លោក ឡោ សុវិជ្ជា មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ តែងតែទទួលបានការគាំទ្រចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាមជាដៃគូ, លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា ការចូលរួមរបស់វិស័យឯកជនជួយដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការសំខាន់ចាំបាច់ណាស់ ព្រោះថាបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា គ្មានគ្រឿងញៀនគ្មានអំពើហិង្សានិងឧក្រិដ្ឋកម្ម ហើយគ្រប់សមាសភាពគួរបន្តរួមគ្នាជួយឧបត្ថម្ភបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា

បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ ពិសេសក្រុមយុវជន យុវនារី បានចូលទស្សនាសិក្សាស្វែងយល់ ឆ្លើយសំណួរ សួរសំណួរ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ «សមាជិកផ្ទះអ្នក ផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន» ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការផ្ញើសារទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍App NoDrug។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ រដ្ឋបាលខេត្តក្រចេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍ឆាយភល និងក្រុមហ៊ុនទឹកបរិសុទ្ធហាយតិចដែលបានបន្តចូលរួមជួយឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ” គ្រប់គ្នាដើម្បីអនាគតកូនចៅយើង គ្រប់គ្នាដើម្បីកូនចៅយើង គ្រប់គ្នាដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន” ។